លោកអភិបាលនៅអាស៊ីកំណត់អាទិភាពតាមតំបន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស៊ីណូដាល
កាលពីថ្ងៃទី ២៥ ខែកក្កដា នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា ប្រតិភូមកពីតំបន់ទាំងបី (អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងអាស៊ីកណ្តាល/បូព៌ា) បានបង្ហាញពីអាទិភាពជាក់ស្តែងតាមតំបន់ ក្នុងគោលបំណងកសាងបណ្តាញកិច្ចសហប្រតិបត្តិការ ការគាំទ្រសហគមន៍ជនភៀសខ្លួនឬពលករចំណាកស្រុក និងការចែករំលែកធនធានខាងគង្វាលកិច្ចនៅទូទាំងទ្វីបអាស៊ី។
លោកអគ្គអភិបាលរិច អាន់ដ្រូ ស៊ី អាឡាខុន (Rex Andrew C. Alarcon) បានណែនាំក្រុម អាស៊ីអាគ្នេយ៍ ហើយក្រុមនេះ បានផ្តោតលើបញ្ហាចំណាកស្រុក និងការបង្កើតបណ្តាញ។ ដោយលោកបានបន្ថែមថា តំបន់នេះបានផ្តល់អាទិភាពលើការបង្កើតមជ្ឈមណ្ឌលជនភៀសខ្លួន/ពលករចំណាកស្រុក ការចាត់តាំងបូជាចារ្យ (fidei donum) ឱ្យទៅបម្រើសហគមន៍ចំណាកស្រុក ការបង្កើតមជ្ឈមណ្ឌលព័ត៌មាន FABC ប្រចាំតំបន់ ព្រមទាំងការបង្កើតមូលនិធិសាមគ្គីភាព និងបញ្ជីឈ្មោះអ្នកជំនាញខាងគង្វាលកិច្ច។
ចំណែកឯអាស៊ីខាងត្បូងការតម្រង់ទិសលើបញ្ហាប្រឈមរួម និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានណែនាំដោយលោកអភិបាលវីម៉ល ស៊ីរិ ឆៃយ៉ាស៊ូរីយ៉ា (Wimal Siri Jayasuriya) ក្រុមនេះបានរំលេចបញ្ហាបន្ទាន់ៗ ដូចជាគ្រោះធម្មជាតិ និងជាតិនិយមជ្រុលខាងសាសនា។ អនុសាសន៍នានារួមមាន៖ វេទិកាពហុជំនាញ (ព្រះគម្ពីរ ច្បាប់សាសនា សង្គមវិទ្យា) ការផ្លាស់ប្តូរទស្សនកិច្ចរវាងលោកអភិបាល និងការបង្កើតប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់ដើម្បីចែករំលែកបទពិសោធន៍ល្អៗ។
ចំពោះអាស៊ីកណ្តាល និងបូព៌ាសង្កត់ធ្ងន់លើការគាំទ្រព្រះសហគមន៍ដែលងាយរងគ្រោះ ដែលបានណែនាំដោយលោកអភិបាលអន់តូនី ជេម ខ័រខ័រ៉ាន់ (Anthony James Corcoran) SJ។ តំបន់នេះបានសង្កត់ធ្ងន់លើការជួបជុំបែបបងប្អូន កិច្ចការបម្រើតាមប្រព័ន្ធឌីជីថល ការថែទាំមនុស្សចាស់ ការពារជនងាយរងគ្រោះ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឲ្យបេសកកម្មកាន់ប្រសើរឡើងសម្រាប់ព្រះសហគមន៍ដែលមានគ្រឹះរឹងមាំ ទៅកាន់សហគមន៍មូលដ្ឋានតូចៗ និងងាយរងគ្រោះជាង។
អង្គប្រជុំពេញអង្គបានប្រមូលផ្តុំសសំណើតាមតំបន់ទាំងនេះ ដើម្បីបញ្ចូលដោយផ្ទាល់ទៅក្នុងអនុសាសន៍ចុងក្រោយនៃមហាសន្និបាត និងសៀវភៅដៃណែនាំប្រចាំការ (Vademecum for Synodality in Asia) ដែលនឹងចេញផ្សាយនាពេលខាងមុខ ដែលមានការសម្របសម្រួលដោយលោកអគ្គអភិបាល ប៊ីចយ អិន គ្រូស (Bejoy N. D'Cruz), OMI។
ទោះបីជាស្ថិតក្នុងបរិបទសង្គម និងនយោបាយចម្រុះយ៉ាងណាក៏ដោយ ព្រះសហគមន៍កាតូលិកនៅអាស៊ីកំពុងបោះជំហានទៅមុខឆ្ពោះទៅរកទស្សនវិស័យរួមមួយនៃសាមគ្គីភាពជាក់ស្តែង ដោយក្លាយជា «អ្នកកសាងស្ពាន» យ៉ាងសកម្ម តាមរយៈការចែករំលែកធនធាន គំនិតផ្តួចផ្តើមរួមគ្នា និងការគាំទ្រគ្នាទៅវិញទៅមក៕