លោកហ្សេឡេនស្គី អនុគ្រោះ​ការចូលរួមរបស់រុស្ស៊ី​សម្រាប់កិច្ចប្រជុំ​កំពូល​​ដើម្បី សន្តិភាព

សម្រាប់ជាលើកទី១ ប្រធានាធិបតីអ៊ុយក្រែន បានបើកទ្វារសម្រាប់កិច្ចសន្ទនាជាមួយទីក្រុង​មូស្គូ។ ប៉ុន្តែជំហររបស់ប្រទេសទាំងពីរហាក់ដូចជាមិនស្រុះស្រួលគ្នាទេ។

នៅអំឡុងសន្និសីទកាសែតមួយនៅទីក្រុងគៀវ កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ប្រធានាធិបតី​អ៊ុយក្រែន​លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា លោកបានកំណត់ជាគោលដៅ​នៅ​ខែ​វិច្ឆិកា នឹងមានផែនការមួយដែលរៀបចំរួចរាល់ទាំងស្រុង ដើម្បីអាចរៀបចំកិច្ចប្រជុំកំពូល​សម្រាប់​​​សន្តិភាព។ ប៉ុន្តែសម្រាប់ជាលើកទី១ លោកបានអះអាងថា ចង់ឲ្យមានវត្តមានទី​ក្រុង​មូស្គូ ហើយលោកបញ្ជាក់ថា តំណាងរុស្ស៊ីគួរតែចូលរួមសម្រាប់កិច្ចប្រជុំកំពូលលើកទី២ នេះ។

កិច្ចប្រជុំកំពូលដំបូងអំពីសន្តិភាពនៅអ៊ុយក្រែនត្រូវបានរៀបចំឡើងនៅពាក់កណ្តាលខែមិថុនា នៅប្រទេសស្វីស ជាមួយនឹងប្រទេសរាប់សិបដែលមានវត្តមាន ប៉ុន្តែប្រទេសរុស្ស៊ីមិនត្រូវបាន​អញ្ជើញ។

តាំងពីពេលនោះ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយថា ចង់ បង្ហាញនូវផែនការមួយនៅខែ​វិច្ឆិកា សម្រាប់សន្តិភាពដែលយុត្តិធម៌ បន្ទាប់ពីជាង ២ឆ្នាំ នៃសង្រ្គាម ដែលបានធ្វើឲ្យមាន​ជន​រង​គ្រោះរាប់សិបម៉ឺននាក់ទាំងខាងអ៊ុយក្រែន និងរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនមិនបានលើកឡើងអំពីការបញ្ចប់ការប្រទូស្តរាយទេ ប៉ុន្តែស្ថាបនានូវ​ផែនការ​មួយលើប្រធានបទចំនួន ៣ ៖ សន្តិសុខថាមពលរបស់អ៊ុយក្រែន ដែលហេដ្ឋារចនា​សម្ព័ន្ធ​របស់វាត្រូវបានបំផ្លាញ​ដោយការទម្លាក់គ្រាប់បែករបស់រុស្ស៊ី សេរីភាពធ្វើនាវាចរ​នៅ​សមុទ្រ​ខ្មៅ ប្រធានបទគន្លឹះសម្រាប់ការនាំចេញរបស់អ៊ុយក្រែន និងការផ្លាស់ប្តូរអ្នកទោស។

រុស្ស៊ីកាន់កាប់ជានិច្ចជិត ២០% នៃដែនដីអ៊ុយក្រែន ហើយទស្សនវិស័យនៃ​បទឈប់បាញ់ ឬ​សន្តិភាព​ចីរភាពរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ នៅតែមានតិចតួច​សម្រាប់ដំណាក់កាលនេះ។

ប៉ុន្តែនេះគឺជាលើកទី១ ដែលលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បញ្ចេញគំនិតនៃការពិភាក្សាជាមួយ​រុស្ស៊ី ដោយមិនតម្រូវ​ឲ្យដកកងទ័ពរុស្ស៊ីចេញជាមុនពីទឺកដីរបស់ខ្លួនទេ។

ប៉ុន្តែជំហររបស់ទីក្រុងគៀវ និងទីក្រុងមូស្គូ ពេលនេះ​​ហាក់ដូចជាមិនស្រុះស្រួលគ្នាទេ។ អ៊ុយក្រែន​​​ដែលមានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី​ជាប្រមុខ បានបញ្ជាក់ជាទៀងទាត់ចង់​ទាមទារ​នូវអធិបតេយ្យភាពរបស់ខ្លួននៅលើទឹកដីទាំង​អស់ដែលគ្រប់គ្រងដោយអ្នកជិត​ខាង​រុស្ស៊ី រួមមានទាំងឧបទ្វីបគ្រីម៉េ ដែលត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធដោយ​ទីក្រុងមូស្គូនៅឆ្នាំ​២០១៤។

ទីក្រុងគៀវ បានស្នើនូវផែនការសន្តិភាព ១០ចំនុច ដែលគាំទ្រដោយលោកខាងលិច រួម​បញ្ចូល​​ទាំងការដកកងទ័ពដោយគ្មានលក្ខខណ្ឌ​របស់កងកម្លាំងរុស្ស៊ីពីទឹកដីអ៊ុយក្រែន។

សំណើរដែលត្រូវបានលុបចោលដោយទីក្រុងមូស្គូ។ ប្រធានាធិបតីរុស្ស៊ី ដែលបានបញ្ជាឲ្យ​ទាហាន​របស់ខ្លួនវាយប្រហារលើអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២ បាននិយាយម្តងហើយម្តង​ទៀតជាច្រើនដងនូវលក្ខខណ្ឌរបស់ខ្លួន គឺអ៊ុយក្រែនត្រូវបោះបង់តំបន់ ៤ ដែលទីក្រុងមូស្គូ ភ្ជាប់​ជាឧបសម្ព័ន្ធ បន្ថែមពីលើដោយតំបន់គ្រីម៉េ និងធានាថា ទីក្រុងគៀវ បដិសេធមិន​ចូលរួម​ជាមួយអង្គការណាតូ។ ការទាមទារនេះត្រូវបានទាត់ចោលដោយទីក្រុងគៀវ និងដោយមាន​ការគាំទ្ររបស់លោកខាងលិចផង។

លោកខាងលិចនិយាយម្តងហើយម្តងទៀតថា គឺអ្នកទទួលខុសត្រូវអ៊ុយក្រែនដែលជាអ្នក​សម្រេច​ចិត្ត​ថា នៅពេលណា​ដែលពួកគេចង់​ពិភាក្សាជាមួយរុស្ស៊ី និងនៅក្រោមលក្ខខណ្ឌអ្វី?   លោក​ម៉ាតធីវ មីឡើ អ្នកនាំពាក្យ​នៃនាយកដ្ឋានរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ បានថ្លែងថា អ៊ុយក្រែន​ត្រូវ​សម្រេច​​ចិត្ត​អំពី​រឿងនេះ។ លោកបន្ថែមថា បើពួកគេចង់​អញ្ជើញរុស្ស៊ី​មកកិច្ច​ប្រជុំ​កំពូល យើង​គាំ​ទ្រ​ពួកគេ។

 

Daily Program

Livesteam thumbnail