លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ បានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះវិញ
របបយោធាមីយ៉ាន់ម៉ា បានប្រកាសថា អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ទេរពីពន្ធនាគារ ទៅឃុំខ្លួនក្នុងផ្ទះ។
ក្រៅពីលោកស្រីអ៊ុងសាន ស៊ូជី ចេញ អតីតប្រធានាធិបតីនៃរដ្ឋាភិបាលដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក វិន មីយីន ( Win Myint )ក៏ស្ថិតក្នុងចំណោមអ្នកទោសចាស់ជរា និងឈឺដែលត្រូវបានផ្លាស់ប្តូរចេញពីពន្ធនាគារ ដោយសារតែរលកកំដៅខ្លាំង នេះបើតាមអ្នកនាំពាក្យរបស់យោធាបានប្រាប់អ្នកយកព័ត៌មានបរទេសកាលពីល្ងាចថ្ងៃអង្គារ៍។
កាលពីថ្ងៃពុធ របបយោធាក៏បានផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ៣ ពាន់នាក់ ក្នុងនោះមានជនបរទេស ២៨ នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីក្នុងសប្តាហ៍នេះ។
លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ ឆ្នាំ កំពុងជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំនៅក្នុងពន្ធនាគារដ៏សំខាន់នៃរដ្ឋធានី ណៃពីដោ ពីបទឧក្រិដ្ឋកម្មជាច្រើន ដែលរួមមានការក្បត់ជាតិ ការស៊ីសំណូក និងការរំលោភច្បាប់ទូរគមនាគមន៍។
យោងតាមអ្នកគាំទ្រ និងក្រុមសិទ្ធិមនុស្ស ការផ្តន្ទាទោសត្រូវបានប្រឌិតឡើងដោយហេតុផលនយោបាយ។
លោកស្រីត្រូវបានចាប់ខ្លួននៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រីនៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២១ ដោយអះអាងថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីបានប្រើការក្លែងបន្លំការបោះឆ្នោតយ៉ាងទូលំទូលាយដើម្បីឈ្នះការបោះឆ្នោតសកលឆ្នាំ២០២០ ខណៈដែលអ្នកសង្កេតការណ៍ឯករាជ្យបានរកឃើញថា ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋាន។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សុខភាពរបស់លោកស្រី ស៊ូជី ត្រូវបានរាយការណ៍ថាកាន់តែយ៉ាប់យ៉ឺន។ កូនប្រុសពៅរបស់លោកស្រីជា ជនជាតិអង់គ្លេស បាននិយាយនៅក្នុងបទសម្ភាសថា គាត់បានលឺថា ម្តាយរបស់គាត់ឈឺខ្លាំង និងមិនអាចបរិភោគបាន៕