លោកស្រី ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦
សមាគមសិល្បករខ្មែរ បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីសម្រាប់អាណត្តិទី៦ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយបានរកឃើញប្រធានថ្មីគឺលោកស្រី ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧញ៉ា គិត ម៉េង។
យោងតាមសារព័ត៌មានCNC បានផ្សាយឱ្យដឹងថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិល្បករខ្មែរជាង ៦០០នាក់ បានចូលរួមបោះឆ្នោតនេះ។
លោកស្រីលើកឡើងដោយរំពឹង ថា គ្រប់ភាគីពាក់ព័ន្ធ ចូលរួមសហការល្អជាមួយសមាគម ដើម្បីបន្តការងាររួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើន និងកសាងសិល្បៈវប្បធម៌ឱ្យបានរឹងមាំដើម្បីធ្វើយ៉ាងណាឱ្យពិភពលោកស្គាល់កម្ពុជា តាមរយៈវិស័យសិល្បៈរបស់យើង។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ លោកស្រី ម៉ៅ ចំណាន ទទួលបានការគាំទ្រដោយសំឡេង ៥២៧សំឡេង ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត ៦០០នាក់ដែលជាតំណាងសិល្បករគ្រប់ទម្រង់៕