លោកកាឌីណាល់ប៉ូឡា៖ ការដឹកនាំពិតប្រាកដគឺជាការបម្រើ មិនមែនជាអំណាចឡើយ
នៅក្នុងធម្មទេសនា អំឡុងពេលពិធីអភិបូជា សម្រាប់បុណ្យរំលឹក សន្ត យ៉ាកុប ជាសាវ័ក កាលពីថ្ងៃទី ២៥ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកកាឌីណាល់ អន់តូនី ប៉ូឡា (Anthony Poola) ប្រធានក្រុមប្រឹក្សាអភិបាលកាតូលិកនៃប្រទេសឥណ្ឌា បានដាស់តឿនថ្នាក់ដឹកនាំព្រះសហគមន៍នៅទូទាំងទ្វីបអាស៊ី ឱ្យបដិសេធគំនិតលោភលន់ខាងអំណាចលោកីយ៍ ហើយទទួលយកការដឹកនាំដែលជាការបម្រើប្រកបដោយភាពរាបសា និងការលះបង់វិញ។
ដោយឆ្លុះបញ្ចាំងលើការស្នើសុំរបស់ម្តាយរបស់លោកយ៉ាកុប និងលោកយ៉ូហាន សម្រាប់កន្លែងកិត្តិយស ដែលមាននៅក្នុងគម្ពីរ លោកកាឌីណាល់ ប៉ូឡា បានរំលឹកលោកអភិបាលទាំងឡាយថា អំណាចរបស់លោកអភិបាលគឺ «មិនមែនជាកៅអីដែលត្រូវអង្គុយនោះទេ ប៉ុន្តែជាពែងដែលត្រូវទទួល» ដែលមានឫសគល់នៅក្នុងការចូលរួមក្នុងសេចក្តីស្រឡាញ់ និងការលះបង់បូជារបស់ព្រះគ្រីស្ត។
យោងតាមលិខិតទីពីររបស់សន្តប៉ូល ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស លោកបានពិពណ៌នាអំពីលោកអភិបាលថាជា «ភាជន៍ដី»។ ជាជាងការលាក់បាំងភាពទន់ខ្សោយរបស់ខ្លួន ឬធ្វើពុតថាគ្មានរឿងអ្វីកើតឡើង ថ្នាក់ដឹកនាំព្រះសហគមន៍ ត្រូវបើកចិត្តទទួលយកមេត្តាករុណារបស់ព្រះជាម្ចាស់ និងដំណឹងល្អបញ្ចេញពន្លឺក្នុងភាពទន់ខ្សោយរបស់ពួកគេ។
ការដឹកនាំពិតប្រាកដនៅអាស៊ី តម្រូវឱ្យចាកចេញពីការមើលពីចម្ងាយក្នុងនាមជាអ្នកគ្រប់គ្រង និងការស្វែងរកបុណ្យស័ក្តិ។ កាឌីណាល់បានបន្ថែមថា លោកអភិបាលត្រូវបានត្រាស់ហៅឱ្យអនុវត្តការប្រែចិត្តគំនិតខាងគង្វាលកិច្ច ដោយស្ថិតនៅជិតស្និទ្ធជាមួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ជាជាងត្រឹមតែការគ្រប់គ្រងស្ថាប័ន។
ដោយសារទិដ្ឋភាពជាក់ស្តែងនៅអាស៊ីមានភាពក្រីក្រ ភាពចម្រុះខាងសាសនា និងជម្លោះនយោបាយ ព្រះសហគមន៍មិនអាចផ្សព្វផ្សាយដំណឹងល្អតាមរយៈអំណាចបានឡើយ ប៉ុន្តែត្រូវធ្វើឡើងតាមរយៈការបម្រើប្រកបដោយភាពរាបសា ការសន្ទនា និងវត្តមានប្រកបដោយក្តីមេត្តាករុណា។
ចុងបញ្ចប់លោកបន្ថែមថា លោកអភិបាលមិនត្រូវបានត្រាស់ហៅឱ្យស្វែងរកកៅអីអំណាច ឬការពារតំណែងរបស់ខ្លួននោះទេ ប៉ុន្តែត្រូវដើរតាមផ្លូវរបស់អ្នកបម្រើ រំលែកការឈឺចាប់ជាមួយអ្នកក្រីក្រ និងអ្នកឃ្លាតឆ្ងាយពីសង្គម ព្រមទាំងកសាងស្ពានមេត្រីភាពនៅទូទាំងសង្គម៕