លែងខ្លែងឯកដើម្បីរក្សាដំណែលដូនតា
ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឺមចំការទៀងបានរៀបចំកម្មវិធីបង្ហោះខ្លែងឯក ប្រណាំងសេះនិងក្របី ដើម្បីអបអរសាទរឆ្នាំថ្មី និងដើម្បីរក្សាកេរ្តិ៍ដំណែលដូនតា និងប្រពៃណីដល់កូនចៅជំនាន់ក្រោយបានស្គាល់និងថែរក្សាទុក។
កម្មវិធីនេះបានចាប់ផ្តើមនាព្រឹកថ្ងៃទី១ ខែមករា នៅម៉ោង៨ ព្រឹករហូតដល់ម៉ោង៥រសៀល ក្រោមអធិបតីភាពរបស់លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះសង្ឃនៅវត្តអង្គមន្ត្រី មន្ទីរវប្បធម៌ អាជ្ញាធរភូមិឃុំ និងប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ក្នុងអង្គពិធីថា
ប្រពៃណីដែលយើងមាននៅក្នុងថ្ងៃនេះ ដើម្បីក្មេងៗជំនាន់ក្រោយ មើលឃើញគំរូរបស់ចាស់ៗ។ ហើយក្នុងថ្ងៃនេះ យើងចូលក្នុងគ្រប់វិស័យដែលយើងមាន ទាំងវិស័យអប់រំ ក្សេត្រសាស្ត្រ អភិវឌ្ឍសង្គម «យើងលើកចិត្តគ្នា រួមគ្នាដើម្បីកសាងសង្គម និងប្រទេសយើងប្រកបដោយសេចក្តីសុខ សុខដុមរមនា»។
លោកបានបន្ថែមទៀតថា វត្តមានរបស់ព្រះសង្ឃនៅក្នុងថ្ងៃនេះ ជាមិត្តភាពដែលយើងមានរវាងសាសនានិងសាសនា ហើយជួយយើងឲ្យរស់នៅក្នុងសុខដុមរមនា ចេះគោរពគ្នាទៅវិញទៅមក ចូលរួមក្នុងយុត្តិធម៌។
នេះជាកម្មវីធីប្រកួតលើកទី១៤ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១ខែមករា។ ក្នុងឆ្នាំនេះមានខ្លែងឯកចំនួន១៥០ខ្លែង សេះចំនួន១០ក្បាល និងក្របីចំនួន១០ក្បាល ធ្វើនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលចម្ងាយប្រមាន១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកអភិបាលអូលីវីយ៉េ បានរំលឹកថា កាលពី១៤ឆ្នាំមុន មានអ្នកចូលរួមតិចតួចណាស់ ប៉ុន្តែពេលនេះ មានរហូតដល់រាប់ពាន់នាក់ ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកអភិបាល៖ «យើងបានរៀបចំល្អទៅល្អទៅរហូតដល់សព្វថ្ងៃយើងឃើញមានខ្លែងឯក មានគូររូបរាងស្អាត មានទាំងទេសភាពធម្មជាតិរបស់ខ្មែរទាំងប្រាសាទអង្គរវត្ត មានហនុមាន ដែលនាំឲ្យយើងគោរពប្រពៃណី និងវប្បធម៌របស់យើងដើម្បីណែនាំ ឲ្យជំនាន់ថ្មីៗបានស្គាល់អ្វីដែលបុព្វបុរសធ្លាប់មានតាំងពីសម័យដើម។»
លោកបន្ថែមថា ដូច្នេះយើងបន្តជាមួយនឹងជំនាន់ថ្មីៗ ដែលនាំឲ្យយើងពោរពេញដោយសេចក្ដីសុខ នៅក្នុងឆ្នាំ២០២៥នេះ។
ឆាន់ គុន្ធី អាយុ២០ឆ្នាំ ម្ចាស់ខ្លែងឯងជ័យលាភីលេខ៣ក្នុងឆ្នាំនេះ ឲ្យដឹងថា គាត់សប្បាយចិត្តដោយបាន «ឃើញបងប្អូនមកច្រើនសប្បាយ ដោយសារកេរ្តិ៍ដំណែលតាំងពីដើមមក (ត្រូវរក្សា)កុំឲ្យបាត់បង់»។
តាក់ រ៉ានុត អាយុ១៩ឆ្នាំ ម្ចាស់ខ្លែងជ័យលាភីលេខ១ ប្រាប់ថា គាត់រៀនធ្វើខ្លែងឯកនេះពីឪពុកនិងតារបស់គាត់ ហើយគាត់តែងបង្ហោះលេងក្នុងរដូវចម្រូត។ យុវ័នរូបនេះប្រាប់ទៀតថា នេះជាឆ្នាំទី២ហើយដែលគាត់បានមកចូលរួមប្រកួត ហើយលើកនេះបានទទួលលទ្ធផលល្អ ដែលឆ្នាំទៅគឺគ្មានជ័យលាភីទេ។
រ៉ានុតឲ្យដឹងថា៖ «លើកនេះដូចsuprise មានអារម្មណ៍ថារំភើបហ្មង។ ខ្ញុំធ្លាប់មកមើល(គេបង្ហោះ)តាំងពីតូច ឥឡូវមកលេងនឹងគេដែរ។»
ការប្រកួតខ្លែងឯករបស់ព្រះសហគមន៍កាតូលិក គឺវាស់កម្រិតនៃកម្ពស់របស់ខ្លែងដែលបានបង្ហោះជាដឺក្រេ។ ខ្លែងណាហោះបានដឺក្រខ្ពស់ជាងគេជាអ្នកឈ្នះ។ ក្នុងនោះដែរ ក៏មានរង្វាន់លើកទឹកចិត្តដល់ម្ចាស់ខ្លែងដែលមានគំនូរស្អាតផងដែរ។
ខ្លែងឯកឧបករណ៍កំសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាប្រពៃណី ត្រូវបានយកមកលែងកំសាន្តក្នុងរដូវរំហើយ ក្រោយពីប្រមូលផលស្រូវរួចរាល់ គឺចាប់ពីខែធ្នូរហូតដល់ខែមករា៕
ដោយកែវ កញ្ញា