លទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP)
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាប្រធានសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) បានធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន» ដោយមានការចូលរួមពីប្រតិភូចំនួន ២៧៥រូប មកពី ៥៣ប្រទេស។
នេះបើសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱននិងសន្តិភាព (IPTP) ថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ប្រភពបានលើកឡើងថា ថ្នាក់ដឹកនាំសំខាន់ៗមកពី សភា រដ្ឋាភិបាល និងគណៈប្រតិភូអន្តរជាតិ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱននិងសន្តិភាព (GCTP) ឯកឧត្តម សួស យ៉ារ៉ា ប្រធាន IPTP និងជា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងគណៈប្រតិភូកិត្តិយសដែលជាប្រធានសភា និងអតីតប្រធានសភា សមាជិកសភា ប្រមុខ រដ្ឋាភិបាល សមាជិករដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការក្នុងតំបន់និងអន្តរជាតិមកពីជុំវិញពិភពលោក។
កិច្ចប្រជុំការិយាល័យ IPTP លើកទី១១ បានពិភាក្សានិងអនុម័តនីតិវិធីនៃកិច្ចប្រជុំ កម្មវិធីនៃកិច្ចប្រជុំ ពេញអង្គលើកទី១១ នៃ IPTP និងកិច្ចប្រជុំពាក់ព័ន្ធ។ ជាងនេះទៀត គណៈកម្មការ IPTP និង GCTP ក្នុងឱកាស ដ៏ឧត្តុង្គឧត្តមនៃការរៀបចំសម័យប្រជុំពេញអង្គលើកទី ១១ នៃ IPTP បានគោរពប្រគល់ជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នូវ «មេដាយសន្តិភាព៖ សម្រាប់ មនុស្សជាតិនិងភពផែនដី» ដែលជាពានរង្វាន់សន្តិភាពឈានមុខគេដែលមិនធ្លាប់មានរបស់ IPTP/GCTP។
ប្រធាន IPTP បានប្រកាសអំពីការទទួលស្គាល់ភាពជាអ្នកដឹកនាំឆ្នើម និងការលះបង់ពេញមួយជីវិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីសន្តិភាព ការផ្សះផ្សា ស្ថិរភាព វឌ្ឍនភាពសង្គម និងវិបុលភាព តាមរយៈនយោបាយឈ្នះ-ឈ្នះដ៏ជោគជ័យរបស់សម្តេចតេជោ ដែលនឹងក្លាយជាគំរូដ៏ប្រពៃសម្រាប់ការ កសាងសន្តិភាព និងការដោះស្រាយជម្លោះផ្ទៃក្នុង។
លទ្ធផលសំខាន់ៗនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP រួមមាន៖ ១-សេចក្តីប្រកាសទីក្រុង ភ្នំពេញ និង ២-ធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិនិងភពផែនដី។ ចំណុចសំខាន់ៗនៃសេចក្តី ប្រកាសភ្នំពេញនៃសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP គឺ៖
- ការលើកកម្ពស់ការទូតសភា និងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសហគមន៍ សកលលោកប្រកបដោយសន្តិភាពនិងវិបុលភាព ដែលជំរុញឱ្យពិភពលោកមានសេរីភាព សន្តិភាព សាមគ្គីភាព និងសុភមង្គល ដោយផ្តោតលើសេចក្តីស្រឡាញ់ មេត្តាករុណា និងការអត់ឱន។
- ជំរុញកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការកសាងសន្តិភាពនៃអង្គការសហប្រជាជាតិ ដើម្បី បង្រួបបង្រួមសាមគ្គីភាពក្នុងចំណោមបណ្តាញសភា ដើម្បីផ្តួចផ្តើមកម្មវិធីសន្តិភាព រួមទាំងការបង្កើត មូលនិធិកសាងសន្តិភាព ដើម្បីប្រមូលផ្តុំនិងបែងចែកហិរញ្ញប្បទានបានគ្រប់គ្រាន់នឹងមាននិរន្តរភាព និងយន្តការគាំទ្រនានា។
សូមបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពជាសកលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗជុំវិញ ពិភពលោក ដើម្បីធ្វើនិម្មាបនកម្មអន្តរជាតិស្តីពីសន្តិភាព ដោយផ្អែកលើគំរូនៃការចរចាសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ ដើម្បីលើកកម្ពស់សន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការពង្រឹង កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្អែកលើស្មារតីនៃពហុភាគីនិយមប្រកបដោយបរិយាបន្ទ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរីនិងយុត្តិធម៌ សេរីភាព ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួមគ្នា គុណតម្លៃសកល និងសហត្ថិភាពដោយសន្តិវិធី។
ធម្មនុញ្ញសន្តិភាពសកល គឺជាក្របខ័ណ្ឌអន្តរជាតិបើកចំហនិងមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ ដែលត្រូវ បានបង្កើតឡើងដើម្បីបំពេញបន្ថែមនិងស្របជាមួយនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសន្ធិសញ្ញានិង អនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀត រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះសេចក្តីប្រកាសទីក្រុង បានទុង និងសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) នៅអាស៊ីអាគ្នេយ៍។
ធម្មនុញ្ញសន្តិភាព សកលគ្របដណ្តប់លើសសរស្តម្ភសំខាន់ៗចំនួនប្រាំ គឺ៖ ១-ការបង្ការជម្លោះ ២-ដំណើរការកសាងសន្តិភាព និង ការផ្តល់ការសម្របសម្រួល ៣-យុត្តិធម៌អន្តរកាល ៤-ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតប ចំពោះគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ និង ៥-សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាជិកភាពនៃធម្មនុញ្ញសន្តិភាពសកល គឺបើកចំហចំពោះ រដ្ឋនិងស្ថាប័នទាំងអស់។
ក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP, IPTP/GCTP បានចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់ជាមួយស្ថាប័នអន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) និងមហាសន្និបាត អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាមួយស្ថាប័នផ្សេងទៀត ដូចជាសភាអារ៉ាប់ សភាអាមេរិកឡាទីន (Parlartino) សភា Mercosur (Parlasur), សភា Andean (Parladino) ដែលចូលរួម លើកកម្ពស់បន្ថែមទៀតដល់សន្តិភាពនិងការអត់ឱន សហត្ថិភាព និងសហវិបុលភាព តាមរយៈការពង្រីក បណ្តាញសភានៅទូទាំងពិភពលោក។
សម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP បានបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា ដែល នឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលចាក់ឫសដោយ សន្តិភាព។ លទ្ធផលដែលទទួលបានពីសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP នេះ បានឆ្លុះបញ្ចាំងអំពីការ ខិតខំប្រឹងប្រែង និងសេចក្តីប្រាថ្នារួមរបស់ IPTP និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម សកល តាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក និងជំរុញបេសកកម្មរួមគ្នា ដើម្បីសន្តិភាព ការផ្សះផ្សា ការអត់ឱន សហត្ថិភាព និងវិបុលភាព៕