រឿងបង្គន់ឃើញច្រើនមែន ប៉ុន្តែអ្នកបន្ទោរបង់តាមផ្លូវសាធារណៈនៅតែមាន!
តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឈន៍ជនបទបានឲ្យដឹងថា ចំនួនបង្គន់ទាំងលក្ខណៈគ្រួសារ និងសាធារណៈឃើញថា មានច្រើនមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបន្ទោរបង់នៅតាមផ្លូវសាធារណៈនៅតែមាន ជាពិសេសនៅតាមម្តុំៗទីផ្សារ និងកន្លែងដែលមានភូមិសាស្រ្ត សំបូរជនអនាថានិងអ្នករស់នៅតាមផ្លូវទោះជានៅកណ្តាលក្រុងក៏ដោយ។
តាមរបាយការណ៍របស់ក្រសួងបានឲ្យដឹងថា នៅទូទាំងប្រទេសបង្គន់ជាលក្ខណៈគ្រួសារនៅទូទាំងប្រទេសមានរហូតដល់ទៅជាង២,៥៨ លាន ហើយបង្គន់សាធារណៈវិញគឺមានរហូតដល់ទៅ ១០.៣២២កន្លែង ដែលនាំអោយអត្រាគ្រប់ដណ្តប់លើបញ្ហាអនាម័យនឹងទឹកស្អាតនៅក្នុងប្រទេសនៅពេលនេះអាចសម្រេចបានប្រមាណជា ៨៥ភាគរយ។
ប្រភពដដែលបានបន្តថា មកដល់ពេលនេះ ខេត្ត៦ និងរាជធានីភ្នំពេញគឺអាចសម្រេចបានការបញ្ចប់បញ្ហាបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង។
នៅក្នុងរបាយការណ៍គឺបែបនេះមែន ហើយស្ថានភាពជាក់ស្តែងគឺពិតជាសម្រេចបានច្រើនមែនលើបញ្ហាអនាម័យនិងការកាត់បន្ថយការបន្ទោបងពាសវាលពាសកាលនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាខ្លះនៅតែសេសសល់ជាពិសេសនៅម្តុំដែលសំបូរដោយជនអនាថានិងអ្នកដែលប្រកបរបររកស៊ីនៅពេលយប់ ដោយរួមទាំងកន្លែងដែលសំបូរអ្នករស់នៅតាមដងផ្លូវ។
នៅតាមទីកន្លែងទាំងនោះ គឺប្រសិនបើជាយើងធ្វើដំណើរឆ្លងកាត់ប្រសិនបើចាប់អារម្មណ៍នឹងឃើញហើយក្លិនក៏ខុសពីគេដែរ ។ បង្គន់អនាម័យសាធារណៈគឺមានច្រើន ប៉ុន្តែវាអាចពាក់ព័ន្ធនឹងបញ្ហាការយល់ដឹង និង បញ្ហាកត្តាបុគ្គល ហើយក៏អាចថា ខ្ជិលចឹងពេលដែលគាត់មានអារម្មណ៍ថាចង់គឺកន្លែងណាជិតជាពិសេសគឺកន្លែងស្ងាត់ កន្លែងកន្លៀត រាងបាំងៗ គល់ឈើ គឺគាត់ដឹងតែសំដៅទីនោះតែម្តង ។
កន្លែងដែលសំបូរកន្លែងកំសាន្តពេលរាត្រីក៏សំបូរក្រុមអ្នកដែលបន្ទោរបង់ផ្តេសផ្តាស់នេះផងដែរ ដោយរួមទាំងពេលមានកម្មវិធីធំដុំ ដូចជាពិធីការ ជប់លាង ដែលមានការហូបចុក ផឹកស៊ី គឺជាទូទៅគឺមានអ្នកស្រវឹង ឬអ្នកដែលឆ្លៀតឱកាសហើយ។ បញ្ហានេះគឺវាអាចបណ្តាលមកពី បញ្ហាបុគ្គលដែលបន្ទោរបង់នោះផ្ទាល់ ហើយក៏អាចដោយសារតែម្ចាស់កម្មវិធីខ្វះការគិតគូរបញ្ហានេះក៏អាចថាបាន។
សរុបមកវិញសូមសរសើរនូវការខិតខំរបស់ស្ថាប័នជំនាញលើការដោះស្រាយបញ្ហាអនាម័យ នេះជូនពលរដ្ឋប៉ុន្តែសម្រាប់អស់អ្នកដែលនៅតែឆ្លៀតឱកាសលើបញ្ហាដោះទាល់ម្តងម្កាលនេះគួរតែបញ្ឈប់ដើម្បីចូលរួមលើកកំពស់បញ្ហាអនាម័យនៅតាមសហគមន៍ តាមកន្លែងនិងតាមមូលដ្ឋានដែលយើងរស់នៅនិងរកស៊ី៕