រាជរដ្ឋាភិបាលផ្តល់រង្វាន់ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ខេត្តចំនួន៦ បានទទួលរង្វាន់ជាថវិកា និងភេជ្ជៈពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាខេត្តដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៣ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។
យោងតាមតេឡេក្រាមរបស់សម្តេចធិបតី នាថ្ងៃទី២៦ ខែមេសា បានលើកឡើងថា ដូចតាមការប្រកាសកន្លងទៅដែលសម្តេចនឹងប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍។
សម្តេចបន្តថា ៖ «ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស»។
ជាលទ្ធផល ខេត្តចំនួន ៦ ដែលទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហើយត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់រង្វាន់តាមការសន្យាមានខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិនត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។
រង្វាន់ដែលទទួលបានរួមមាន លិខិតសរសើរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ថវិកាចំនួន ២០០លានរៀល និង ភេសជ្ជៈចំនួន ១ពាន់កេសផងដែរ។
សម្តេចធិបតីបញ្ជាក់ថា ៖ «សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់»៕