រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ជាង ១៧០០ នាក់ទៀត
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១ ៧៤១ នាក់បន្ថែមទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងឯកភាពនានា។ នេះបើយោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
សេចក្តីសម្រេចបានលើកឡើងថា ពលទាហានថ្មីដែលនឹងត្រូវជ្រើសរើស រួមមាន៖ កងពលតូចលេខ៧០ កងទ័ពជើងគោក ចំនួន២០០នាក់, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ១ពាន់នាក់, បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន៣០០ នាក់ និងបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន ចំនួន ២៤១ នាក់។
សម្តេចធិបតីបញ្ជាក់ថា ៖ «រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការមៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»៕