រដ្ឋ គ្រោងថវិកាជាង១៤០​​លានដុល្លារ សម្រាប់ផ្តល់កម្ចីឱ្យស្ថាប័នចំនួន៤ ក្នុងឆ្នាំ២០២៥

រដ្ឋាភិបាល នឹងផ្តល់កម្ចីចំនួន ៥៩០ ៤៧០លានរៀល( ប្រមាណ១៤៥លានដុល្លារអាម៉េរិក) ឱ្យស្ថាប័ន៤ ដើម្បីពង្រឹងនូវសមត្ថភាពស្ថាប័ននីមួយៗក្នុងឆ្នាំ២០២៥។ បើតាមសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ស្ថាប័នទាំង៤ ដែលនឹងទទួលបានកម្ចីពីរដ្ឋាភិបាលនោះ មាន អគ្គិសនីកម្ពុជា, រដ្ឋាករទឹកស្វយ័តភ្នំពេញ, រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ២០២៥) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបង្ហាញថា យ៉ាងច្បាស់ថា ក្នុងចំណោមថវិកាទាំងជាង១៤៥លានដុល្លារនោះ គឺមាន ២០៣ ៤៥០លានរៀល(ប្រមាណ៥០លានដុល្លារ) រដ្ឋនឹងផ្តល់ជាកម្ចីទៅឱ្យអគ្គិសនីកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ខណៈរដ្ឋាទឹកស្វយ័ត​ភ្នំពេញ ក៏នឹងទទួលកម្ចីក្នុងងចំនួននេះ ពីរដ្ឋ សម្រាប់អនុវត្ត គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ។ 

​ ជាមួយគ្នានេះ រដ្ឋាករស្វយ័តខេត្តសៀមរាប នឹងបានកម្ចីពីរដ្ឋ ចំនួន ៦១ ៥០០លានរៀល(ប្រមាណ១៥,១៥លានដុល្លារ)  សម្រាប់អនុវត្តគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។ ចំពោះ កម្ចីចំនួន១២២ ០៧០លានរៀល (ប្រមាណ៣០លានដុល្លារ) ដែលរដ្ឋផ្តល់ឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ នៅឆ្នាំ២០២៥ គឺសម្រាប់ជាហិរញ្ញប្បទានគម្រោងវិនិយោគនៅតំបន់ឦសាន។ 

បើតាមសេចក្តីព្រាងច្បាប់ដដែល នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការចំនួន ៣៧ ៩៥០ ៣៨៥ លានរៀល (ប្រមាណ៩ ៣​០០ លានដុល្លារ)។ ចំនួននេះ ស្មើនឹង ១៨,១៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែល ក្នុងនោះ ចំណាយចរន្តមាន ២៦ ០៥៤ ០១៩ លានរៀល (ប្រមាណ ៦ ៤០០ លានដុល្លារ) និងចំណាយមូលធន ១១ ៨៩៦ ៣៦៦ លានរៀល (ប្រមាណ ២ ៩០០ លានដុល្លារ) ។

ផ្អែកតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ​ ២០២៥ ត្រូវបានព្យាកក្នុងអត្រាកំណើន ៦,៣ ភាគរយ ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៤៦៧ លានដុល្លារ ខណៈ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹង នឹងកើនដល់ ២ ៩២៤ ដុល្លារ។

ការរំពឹងទុកនៃកំណើន ៦,៣ ភាគរយ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន។ ដូចជា៖  វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦​ ភាគរយ,​ វិស័យសេវាកម្មនឹងមានកំណើន ៥,៦ ភាគរយ  និងវិស័យកសិកម្ម នឹងកើនឡើង ១,១ភាគរយ។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥ ភាគរយ ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១៕ 

 

Daily Program

Livesteam thumbnail