រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចបញ្ឈប់អាជីវកម្មទូកកាណូតទេសចរណ៍ និងពិន័យដែលបោះសំរាមចូលក្នុងទន្លេ
ក្រសួងបរិស្ថាន បានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះម្ចាស់អាជីវកម្ម ទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» និងពិន័យជាប្រាក់ចំនួន២០ម៉ឺនរៀល ក្រោយពីចោលសំរាម ចូលក្នុងទន្លេ។
ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្ម ភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន កា លពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
បន្ទាប់ពីមានការផ្សព្វផ្សាយនូវវីដេអូ និងរូបភាពបោះចោលសំរាមក្នុងទឹកទន្លេរបស់ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ, រដ្ឋបាលខណ្ឌដូនពេញ បានហៅម្ចាស់ទូកកាណូតទេសចរណ៍នេះ មកសាកសួរ ហើយម្ចាស់ទូកខាងលើបានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាម ចូលក្នុងទន្លេពិតប្រាកដមែន។
រដ្ឋបាលខណ្ឌបានធ្វើការអប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍នេះ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន, ផាកពិន័យម្ចាស់ទូក ជាទឹកប្រាក់ចំនួន ២០០ ០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន និងបានបញ្ឈប់ការប្រកបអាជីវកម្ម ទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាពរ ចាប់ពីថ្ងៃនេះតទៅ។
ទាក់ទងនឹងការអនុវត្តច្បាប់នេះ ក្រសួងបរិស្ថាន បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។
ក្រសួងបរិស្ថាន សូមថ្កោលទោសចំពោះបុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬ ទីកន្លែងដែល រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ ត្រូវទទួលការពិន័យជាអន្តរការន៍ជាប្រាក់ និងទណ្ឌកម្ម។
សូមបញ្ជាក់ មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។
រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌត្រូវចាត់វិធានការទប់ស្កាត់ការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជន តាមដងផ្លូវ ទីសាធារណៈ ទីវាល ប្រព័ន្ធទឹកលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។
ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពសាធារណៈ និងសោភណភាពទីក្រុង ឬទីប្រជុំជន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នាការពារបរិស្ថាន ដើម្បីកម្ពុជាស្អាត គ្មានការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក៕