រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោមដង្ហែក្បួនតាមផ្លូវសាធារណៈ និងប្រមូលផ្តុំនៅមុខស្ថាន ទូតវៀតណាមឡើយ
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ដង្ហែក្បួនតាមផ្លូវសាធារណៈ និងប្រមូលផ្តុំនៅមុខស្ថាន ទូតវៀតណាមឡើយ ដោយអាចធ្វើការជួបជុំគ្នាចំនួនប្រមាណ ១០០នាក់ នៅក្នុងវត្តសាមគ្គី រង្សី ខណ្ឌមានជ័យ ប៉ុន្តែត្រូវមានការឯកភាពពីព្រះចៅអធិការវត្ត ខណៈសមាគមបានឯកភាពផងដែរ។
យោងតាមកំណត់ហេតុរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការជូនដំណឹងជួបជុំអំពីការដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅមុខស្ថានទូតវៀតណាម និងដាក់ញត្តិជូនស្ថានទូតវៀតណាម របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។
នាកិច្ចប្រជុំនោះ លោក គឹម ស៊ីសំណា តំណាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានលើកឡើងថា សមាគមនឹងរៀបចំដង្ហែក្បួន និងប្រមូល ផ្ដុំគា្ននៅមុខស្ថានទូតវៀតណាម និងដាក់ញត្តិជូនស្ថានទូតវៀតណាមផងដែរ។
លោកបានបន្តថា ការដាក់ញត្តិនេះ ដើម្បីស្នើឱ្យមានការដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ ដោយចាប់ផ្តើមចេញដំណើរពីវត្តសាមគ្គីរង្សីតាមមធ្យោបាយយានជំនិះរៀងៗខ្លួន ហើយឆ្លងកាត់មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្ថានទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
កំណត់ហេតុបានលើកឡើងថា ៖ «ម្ចាស់សំណើអាចចាត់តំណាងមិនលើសពីចំនួន ១០នាក់ ក្នុងការយកញត្តិរបស់ខ្លួនទៅដាក់នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីក្រសួងបញ្ចូនញត្តិទៅស្ថានទូតវៀតណាម ស្ថានទូតជប៉ុន ស្ថានទូតអូស្ត្រាលី ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតសហភាពអឺរ៉ុប និងការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា»។
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដើម្បីមកទទួលញត្តិពីម្ចាស់សំណើ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ «ករណីម្ចាស់សំណើមិនអនុវត្តតាមស្មារតីអង្គប្រជុំ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។
សូមរម្លឹកថា សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចេញសេចក្តីប្រកាសព័ត៌មានថា សមាគមខ្មែរកម្ពុជាក្រោម នឹងដង្ហែក្បួនពីវត្តសាមគ្គីរង្សី ឆ្ពោះទៅប្រមូលផ្ដុំគ្នានៅមុខស្ថានទូត និងដាក់ញត្តិជូនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបន្តថា ការដង្ហែក្បួន និងប្រមូលផ្ដុំគ្នានៅមុខស្ថានទូតនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើ ខ្មែរក្រោម ព្រមទាំងដោះលែងសកម្មជន និងព្រះសង្ឃខ្មែរក្រោមដែលកំពុងជាប់ឃុំដោយឥតលក្ខខណ្ឌ។
ក្នុងនោះរួមមាន ៖ ១/ ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៣ អង្គ/រូប ដោយមាននៅខេត្តព្រះត្រពាំង ២ រូប, ខេត្តឃ្លាំង ២ រូប, ខេត្តលក់ហោរ ៩ អង្គ/រូប (ក្នុងនោះមានព្រះចៅអធិការវត្ដទ្រនំសេក ព្រះតេជព្រះ គុណ ថាច់ ច័ន្ទតារា និងព្រះសង្ឃ ៤ អង្គទៀត និងគ្រហស្ថ ៣ រូប)។
២/ សាងសង់សាលាឆទានឡើងវិញនៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចរាបដល់ដី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះ។
៣/ ទទួលស្គាល់ និងអនុញ្ញាតព្រះតេជព្រះគុណ គឹម សំរិន្ទ បានចូលមកក្នុងជំនុំសង្ឃ និងគង់នៅក្នុងវត្ត ឡើងវិញ។
៤/ បញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម៕