យុវជនខ្មែរមួយរូបក្លាយជាបព្វជិតនៃក្រុមម៉ារីស្ត
លោកយ៉ូសែប រើន ពេជ្រ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានក្លាយជាបព្វជិតក្រុមគ្រួសារបងប្រុសម៉ារីស្ត កាលពីខែមីនាកន្លងទៅ។
កាលពីឆ្នាំ២០១០ យុវជនរើន ពេជ្រ បានស្នាក់នៅក្នុងមណ្ឌលសិស្សនៃព្រះសហគមន៍ប៉ៃលិន ដើម្បីបន្តការសិក្សាវិទ្យាល័យនៅក្នុងខេត្តប៉ៃលិន ដែលទទួលខុសត្រូវ និងឧបត្ថម្ភគាំទ្រពីក្រុមគ្រួសារបងប្រុសម៉ារីស្ត។ ដោយមានបទពិសោធជាមួយក្រុមគ្រួសារបព្វជិតនេះ បានជំរុញឲ្យយុវជនពេជ្ររិះគិតអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះខ្លួន ជាអ្នកបួស។
លោករើន ពេជ្រ បានឲ្យដឹងថា គោលដៅរបស់លោកជាជីវិតអ្នកបួស គឺចង់ចូលរួមជួយបម្រើដល់បងប្អូនដែលខ្វះខាត និងបង្រៀនសិស្សជាដើម។
បងប្រុសយ៉ូសែប រើន ពេជ្រ កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៤ នៅភូមិរង្វានលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងគ្រួសារជាគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិកចំណោម ភូមិភាគបាត់ដំបង ដែលមានឪពុកឈ្មោះ ទូច រ៉េត និងម្តាយឈ្មោះ កែវ រី ។ លោកជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន៧នាក់។ ក្នុងឆ្នាំ២០១៧ លោក បានបញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានសន្តប៉ូលនៅខេត្តតាកែវ។ នៅឆ្នាំ២០១៨ ចូលរួមក្នុងក្រុមគ្រួសារបងប្រុសម៉ារីស្ត និងបានបន្តការសិក្សានៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២២-២០២៤នៅស្រីសង្កា។ លោកបានថ្វាយពាក្យសច្ចាលើកទី១ នៅប្រទេសស្រីលង្កា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដោយប្រកាន់ខ្ជាប់នូវព្រហ្មចារីយ៍ធម៌ ភាពក្រីក្រ និងការស្តាប់បង្គាប់។
បព្វជិតរូបនេះបានលើកឡើងថា «សូមឱ្យយុវជន យុវនារីកុំភ័យខ្លាចនឹងការចូលសាកល្បងក្នុងក្រុមបួសដែលខ្លួនចាប់អារម្មណ៍» ហើយលោកក៏សូមឲ្យ «បងប្អូនគ្រីស្តបរិស័ទទាំងអស់ ជួយអធិដ្ឋានសម្រាប់បងប្រុសក្នុងការបន្តដំណើរជីវិតជាអ្នកបួស»។
ក្រុមគ្រួសារបងប្រុសម៉ារីស្ត មានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ដោយបង្កើតសាលាអប់រំសម្រាប់កុមារមានពិការភាពមានឈ្មោះថា សាលាឡាវ៉ាឡា និងមានមណ្ឌលផ្គត់ផ្គង់កុមារនិងយុវជនឲ្យមានឱកាសរៀនសូត្រដល់វិទ្យាល័យ។ បច្ចុប្បន្នក្រុមនេះមានសកម្មភាពនៅក្នុងភូមិភាគភ្នំពេញនិងបាត់ដំបង មានសមាជិកចំនួន៨នាក់ ក្នុងនោះក៏មានលោកយ៉ូសែប រើន ពេជ្រ ជាបព្វជិតខ្មែរដំបូង៕
ដោយសេងមួយ