យុវជនកូរ៉េខាងត្បូងនិយាយថា រដ្ឋាភិបាលមិនបានធ្វើគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកសវនាការលើសំណុំរឿងមួយ ដែលប្តឹងដោយយុវជនដោយលើកហេតុផលថា កង្វះសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ និងការរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
ក្រុមសកម្មជនយុវជនមួយក្រុមបានអះអាងថា ៖ «ច្បាប់ក្របខ័ណ្ឌស្តីពីកាបោនទាប កំណើនបៃតងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គឺមិនគ្រប់គ្រាន់ក្នុងការរក្សាការឡើងកំដៅផែនដីក្រោម ២ អង្សារសេឡើយ»។
តាំងពី ឆ្នាំ២០២០ យុវជន១៩នាក់បានដាក់ពាក្យបណ្ដឹងនៅ តុលាការធម្មនុញ្ញរបស់ប្រទេសដោយលើកហេតុផលថា ការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលចំពោះការប្រែប្រួលអាកាសធាតុបានរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេ រួមទាំងសិទ្ធិរស់នៅ និងសិទ្ធិទទួលបានបរិស្ថានស្អាត។
នៅក្នុងសវនាការលើសំណុំរឿងនេះ លោក គី ជុងស៊ូក ( Kee Jongseok) ប្រធានតុលាការធម្មនុញ្ញបានទទួលស្គាល់ផលប្រយោជន៍សាធារណៈចំពោះករណីនេះដោយនិយាយថា ៖ «តុលាការទទួលស្គាល់សារៈសំខាន់ និងផលប្រយោជន៍សាធារណៈនៅក្នុងសំណុំរឿងនេះ ហើយនឹងខិតខំប្រឹងប្រែងដើម្បីធានាថាការពិភាក្សាត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់»។
បណ្តឹងនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាករណីមួយក្នុងចំណោមករណីដែលកំពុងកើនឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលត្រូវបានចោទប្រកាន់ថាមិនបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុពិភពលោក៕