យុទ្ធនាការ ពន្លកបៃតង ឆ្នាំ២០២៦ មានគោលដៅចែកជូនកូនឈើចំនួន ៥លានដើម
ក្រសួងបរិស្ថាន បានប្រកាសពីផែនការចែកជូនកូនឈើចំនួន ៥លានដើម នៅទូទាំងប្រទេសក្នុងឆ្នាំនេះ ស្ថិតក្រោមដំណាក់កាលទី៣ នៃយុទ្ធនាការ «ពន្លកបៃតង» របស់ខ្លួន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើនគម្របព្រៃឈើ គាំទ្រដល់ជីវៈចម្រុះ និងរួមចំណែកដល់គោលដៅជាតិ ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ «ពន្លកបៃតង» នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងមិនមែនគ្រាន់តែជួបជុំគ្នាដើម្បីបើកពិព័រណ៍ "ពន្លកបៃតង" នោះទេ ប៉ុន្តែយើងកំពុងរួមគ្នាចាប់ផ្តើមចលនាជាតិមួយ ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការការពារ និងស្តារធនធានធម្មជាតិឡើងវិញ។ "ពន្លកបៃតង" គឺជានិមិត្តរូបនៃក្តីសង្ឃឹម ទំនួលខុសត្រូវ និងការចាប់ផ្តើមថ្មីមួយ សម្រាប់កម្ពុជាដ៏បៃតង ស្អាត និងប្រកបដោយចីរភាព»។
លោក សុខ ចិន្តាសោភា បានជម្រុញយ៉ាងខ្លាំងក្លាឱ្យចលនាបៃតងនេះបោះជំហានទៅមុខ ដោយចាត់ទុកពិព័រណ៍នេះថាជាបេសកកម្មជាតិដែលមានតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃឈើ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រីកគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការតាំងពិព័រណ៍កូនឈើ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់ទាំងអត្តសញ្ញាណជាតិ និងបរិស្ថាន»។
លោកក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ដែលមានគោលដៅពង្រីកគម្របព្រៃឈើ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតទ្រព្យសម្បត្តិធម្មជាតិសម្រាប់ជំនាន់ក្រោយ ដោយបានសង្កត់ធ្ងន់ថា ការចូលរួមក្នុងចលនាបៃតងត្រូវតែបង្ហាញឡើងតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការទទួលកូនឈើយកទៅដាំផ្ទាល់ខ្លួនជាដើម។
ព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍កូនឈើ និងស្តង់ចែកកូនឈើ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ជាពិសេសអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ទាំង២៥ នៅទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាយរឹទ្ធិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិតផលមួយ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិផងដែរ។
លើសពីនេះ ក្រសួងបរិស្ថាន ក៏បានដាក់តាំងបង្ហាញរថយន្ត និងទោចក្រយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តដល់សាធារណជនឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនបៃតង ក្នុងន័យកាត់បន្ថយការបំភាយឧស្ម័នកាបូន បង្កើនភាពស្អាតនៅក្នុងទីក្រុង និងគាំទ្រដល់ចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន។