យន្តហោះរុស្ស៊ីត្រូវបានវាយប្រហារ ៖ អ៊ុយក្រែននិយាយថា មិនមានព័ត៌មានគួរ ឲ្យ ទុកចិត្តបានសម្រាប់អ្នកដំណើរ
យោងតាមអភិបាលតំបន់ បានឲ្យដឹងថា យន្តហោះយោធារុស្ស៊ីបានធ្លាក់នៅក្នុងទីក្រុងបេលហ្ការ៉ូដ នៅព្រំដែនជាមួយអ៊ុយក្រែន។ យោងតាមប្រភពរុស្ស៊ី យន្តហោះនេះ បានដឹកជញ្ជូនមនុស្ស ៧៤ ដែលមាន ៦៥នាក់ គឺជាអ្នកទោសសង្រ្គាមរបស់អ៊ុយក្រែន។ ដូច្នេះគេនៅមិនដឹងអំពីមូលហេតុនៃការធ្លាក់ ទីក្រុងមូស្គីបានចោទប្រកាន់ទីក្រុងគៀវយ៉ាងលឿនថាបានវាយប្រហារយន្តហោះ ចំណែកប្រធានាធិបតីអ៊ុយក្រែន ទាមទារឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ។
យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី II-76 បានធ្លាក់ កាលពីថ្ងៃពុធទី២៤ ខែមករា នៅក្នុងតំបន់បេលហ្គារ៉ូដ ក្បែព្រំដែនអ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិរុស្ស៊ី មានអ្នកទោសសង្រ្គាមអ៊ុយក្រែន ៦៥នាក់ ជិះនៅក្នុងនោះ។
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនឹងជួបប្រជុំជាបន្ទាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ តាមការស្នើសុំរបស់ទីក្រុងមូស្គូ ដែលបានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារយន្តហោះនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសុំកាលពីថ្ងៃពុធនូវការស៊ើបអង្កេត ជាអន្តរជាតិសម្រាប់សំនុំរឿងនេះ។ នៅក្នុងសារប្រចាំថ្ងៃ លោកបានថ្លែងថា ៖ “វាច្បាស់ថា រុស្ស៊ីបានលេងជាមួយជីវិតនៃអ្នកទោសអ៊ុយក្រែន ជាមួយនឹងមនោសញ្ចេតនាឪពុកម្តាយរបស់ពួកគេ និងការរញ្ជួលអារម្មណ៍ពីសង្គមរបស់យើង។” លោកមិនបានបញ្ជាក់ ឬបដិសេធថា ជនរងគ្រោះ គឺពិតជាអ្នកទោសអ៊ុយក្រែន ឬយ៉ាងណា? ចារកម្មយោធាអ៊ុយក្រែន (GUR) បញ្ជាក់ថា មិនមានព័ត៌មានគួរឲ្យទុកចិត្តបានអំពីអ្នកដំណើរនៅលើយន្តហោះ។ GUR បញ្ជាក់ថា ៖ “សព្វថ្ងៃ យើងមិនមានព័ត៌មានដែលគួរឲ្យទុកចិត្ត និងពេញលេញអំពីមនុស្ស ដែលស្ថិតនៅលើយន្តហោះ ឬចំនួនរបស់ពួកគេ។ GUR ការផ្លាស់ប្តូរអ្នកទោសត្រូវគ្រោងធ្វើនៅថ្ងៃនេះ ប៉ុន្តែវាមិនអាចទៅរួច។
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ៖ “របបទីក្រុងគៀវ នៅអ៊ុយក្រែន បានប្រព្រឹត្តអំពើភេរវកម្មដោយវាយប្រហារយន្តហោះដឹកជញ្ជូនយោធារុស្ស៊ីដែលបានធ្វើការហោះហើរចេញពីព្រលានយន្តហោះ ឆ្កាឡូវស៊ី នៅជិតទីក្រុងមូស្គូ ទៅកាន់បេលហ្គារ៉ូដដើម្បីដឹកជញ្ជូនយោធាអ៊ុយក្រែនដែលត្រូវដោះដូរអ្នកទោស។” យោងតាមក្រសួងការពារជាតិរុស្ស៊ី យោធាអ៊ុយក្រែនដឹងច្បាស់ថា រុស្ស៊ីដឹកជញ្ជូនអ្នកទោសអ៊ុយក្រែនតាមយន្តហោះទៅកាន់បេលហ្គារ៉ូដ បន្ទាប់មកដឹកពួកគេដល់ស្ពានមួយដែលជាកន្លែងណាត់ជួបនៅព្រំដែន។ យោងតាមប្រភពនេះ អ៊ុយក្រែនក៏បានវាយប្រហារចេញពីតំបន់ខាឃីវ នូវមីស៊ីលពីពីប្រព័ន្ធការពារអាកាសដើម្បីវាយប្រហារលើយន្តហោះដឹកជញ្ជូនយោធា II-76 ហើយបន្ទាប់មក នឹងចោទប្រកាន់ប្រទេសរុស្ស៊ី។
អ្នកទោសអ៊ុយក្រែន ៦៥នាក់ ដែលយោងតាមទីក្រុងមូស្គូ ស្ថិតនៅលើយន្តហោះ ព្រមទាំងក្រុមនាវិកបើកយន្តហោះ ៦នាក់ និងទាហានរុស្ស៊ី បីនាក់ទៀត បានស្លាប់។
សោកនាដកម្មបានកើតឡើននៅជិតភូមិ រុស្ស៊ី ឡាប្ល៉ូណូវ៉ូ មានចម្ងាយ ៤៥ គីឡូម៉ែត្រពីព្រំដែនរួម។ រូបភាពនានាដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីយន្តហោះធ្លាក់ចុះមក ហើយរលាយបាត់នៅក្នុងការផ្ទុះដ៏ធំមួយ និងមានផ្សែងខ្មៅខ្មួលខ្មាញហោះឡើងទៅលើ។
លោកស្រីម៉ារីយ៉ា ម៉េហ្សេនសឺវ៉ា ប្រជាជនក្នុងតំបន់ និងជាសាក្សីរៀបរាប់ថា ៖ “យើងបានឮសម្លេងខ្លាំងណាស់ ហើយយើងបានចេញមក។ វាមានភ្លើងឆេះសន្ធោរសន្ធៅ”។