មហាសន្និបាត FABC កំណត់ទិសដៅបែបស៊ីណូដាលសម្រាប់ព្រះសហគមន៍នៅអាស៊ី
មហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបិទបញ្ចប់ទៅជាមួយនឹងការអំពាវនាវឱ្យព្រះសហគមន៍កាតូលិកនៅអាស៊ី ទទួលយកស៊ីណូដាលជាវិថីជីវិតដ៏សំខាន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងការប្តេជ្ញាចិត្តលើបេសកកម្ម។
ដោយមានការចូលរួមពីកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បព្វជិត-ជិតា អ្នកជំនាញខាងទេវវិទ្យា អ្នកជំនាញគង្វាលកិច្ច និងប្រតិភូគ្រហស្ថជាង ១២០ រូប ក្រោមប្រធានបទ «អ្នករាល់គ្នានឹងឃើញការអស្ចារ្យជាងនេះទៅទៀត» (យ៉ូហាន ១:៥០) មហាសន្និបាតនេះបានក្លាយជាពេលវេលានៃការរិះគិតពិចារណាអំពីប្រាកដនិយមនៃទ្វីបអាស៊ី ដូចជា ភាពក្រីក្រ ជនអន្តោប្រវេសន៍ ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ហាប្រឈមនៃទំនាក់ទំនងអន្តរសាសនា។
ដោយផ្អែកលើការអធិស្ឋាន «កិច្ចសន្ទនាក្នុងព្រះវិញ្ញាណ» និងការពិភាក្សាតាមតុជាចំណុចស្នូលនៃកម្មវិធី ជំនួបនេះបានសង្កត់ធ្ងន់ថា ស៊ីណូដាលដ៏ពិតប្រាកដ តម្រូវឱ្យមានការផ្លាស់ប្តូរចិត្តគំនិតផ្ទាល់ខ្លួន និងការផ្លាស់ប្តូរផ្នែកគង្វាលកិច្ចយ៉ាងស៊ីជម្រៅ ក្នុងការស្តាប់ ការអមដំណើរ និងការចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍។
នៅក្នុងថ្ងៃធ្វើពិធីសំណាក់ធម៌ពេញមួយថ្ងៃនៃមហាសន្និបាត កាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) បានរំលឹកអ្នកចូលរួមថា ការកសាងស្ពានតម្រូវឱ្យមានភាពបន្ទាបខ្លួន ភាពទន់ភ្លន់ និងការលះបង់ ដោយមានឬសគល់នៅក្នុងព្រះគ្រីស្តដែលជាស្ពានដ៏ឧត្តមរវាងព្រះជាម្ចាស់ និងមនុស្សជាតិ។
ប្រធានបទនេះត្រូវបានបង្ហាញជាសកម្មភាពជាក់ស្តែង តាមរយៈការធ្វើធម្មយាត្រារបស់ប្រតិភូទៅកាន់ «ផ្លូវមិត្តភាពរូងក្រោមដី» ដែលភ្ជាប់រវាងព្រះវិហារកាតូលិកហ្សាការតា និងវិហារឥស្លាម Istiqlal ដែលជានិមិត្តរូបនៃតម្រូវការចាំបាច់សម្រាប់សហគមន៍សាសនាក្នុងការលើកកម្ពស់ការយោគយល់គ្នា និងសន្តិភាព។
ក្នុងកម្រិតអនុវត្តជាក់ស្តែង ប្រតិភូបានធ្វើការលើក្របខ័ណ្ឌសៀវភៅណែនាំ (Vademecum) សម្រាប់ស៊ីណូដាលនៅអាស៊ី ដើម្បីជួយដល់ព្រះសហគមន៍កាតូលិកក្នុងស្រុក និងសហគមន៍នានាក្នុងការអនុវត្តគោលការណ៍ស៊ីណូដាលនៅក្នុងជីវិតប្រចាំថ្ងៃ ដោយសង្កត់ធ្ងន់លើការទទួលខុសត្រូវរួមគ្នារវាងលោកបូជាចារ្យ បព្វជិត-ជិតា និងគ្រហស្ថ។
មហាសន្និបាតបានសម្រេចបាននូវសមិទ្ធផលរចនាសម្ព័ន្ធដ៏សំខាន់មួយ ដោយបានអនុម័តការកែសម្រួលលក្ខន្តិកៈរបស់ FABC ដើម្បីពង្រឹងអភិបាលកិច្ច បំភ្លឺពីតួនាទីនៃការិយាល័យផ្សេងៗ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិបាលកាតូលិកក្នុងតំបន់អាស៊ី និងព្រះសហគមន៍សកល។
ក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចេកវិទ្យាទំនើប ថ្នាក់ដឹកនាំព្រះសហគមន៍បានទទួលស្គាល់ឱកាសដែល AI ផ្តល់ឱ្យសម្រាប់ការផ្សព្វផ្សាយដំណឹងល្អ ការអប់រំ សុខាភិបាល និងការទំនាក់ទំនង ខណៈពេលដែលបានព្រមានប្រឆាំងនឹងហានិភ័យដូចជាព័ត៌មានភូតភរ និងបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាត្រូវតែបម្រើសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយមិនអាចជំនួសសតិសម្បជញ្ញៈ ក្តីអាណិតអាសូរ ការអធិស្ឋាន និងទំនាក់ទំនងផ្ទាល់ខ្លួនរបស់មនុស្សបានឡើយ។
សារនៃគង្វាលកិច្ចចុងក្រោយរបស់FABC បានបន្តជំរុញឱ្យព្រះសហគមន៍ក្នុងស្រុកនៅទូទាំងតំបន់អាស៊ី ដើរទៅមុខដោយក្តីសង្ឃឹម និងឆ្លើយតបទៅនឹងការបែកបាក់ក្នុងសង្គម តាមរយៈការប្តេជ្ញាចិត្តជាថ្មីចំពោះការផ្សះផ្សារ សាមគ្គីភាព និងការក្លាយជាស្ពាននៃព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ដ៏រស់រវើក៕
