មន្រ្តី៖ ការផ្សព្វផ្សាយរបស់វិទ្យុបរទេស ជាការមួលបង្កាច់ និងចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោល និងបដិសេធចំពោះការផ្សព្វផ្សាយរបស់វិទ្យុបរទេសមួយ ដោយបានបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿងចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។
លោកបានសរសេរលើបណ្តាញហ្វេសប៊ុកថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។
លោក ឈុំ សុជាត បានបញ្ជាក់ថា ៖ «ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យរបស់កម្ពុជា»។
លោកបានបញ្ជាក់បន្តថា វត្តមាននាវាយោធារបស់ចិន ដែលបានចូលមកនេះ គឺដើម្បីជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។
វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម។
អ្នកនាំពាក្យដដែលរូបនេះ បានបន្ថែមថា ការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ។
លោកបញ្ជាក់ថា ៖ «ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត»។
លោក ឈុំ សុជាតថា ៖ «ខ្ញុំសង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត»៕