មន្រ្តីសុខាភិបាល៖ ការប្រែប្រួលអាកាសធាតុទៅជាក្តៅខ្លាំងបំផុត​ ដែលមិនធ្លាប់មាននៅកម្ពុជា​ ​

នៅកម្ពុជាពេលនេះ​ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយដែលប្រជាពលរដ្ឋត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព​ ដែលអាចនឹងមានការដួលសន្លប់​ ឬលេ​សឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។

នេះជាការលើកឡើង​របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល នាថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៤ តាមរយៈបណ្តាញតេឡេក្រាម។

លោកស្រីបានបញ្ជាក់ថា ៖ «ការប្រែប្រួលអាកាសធាតុ​ នាពេលនេះ​ គឺជាការពិត​ហើយ។ ថ្ងៃនេះកំដៅកើនឡើងអាចដល់​ ៤៦​ អង្សារសេទៅហើយ​ ដែលខ្ញុំស្នើសូមឱ្យប្រជាពលរដ្ឋយើ​ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ​ ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ»។

លោកស្រី ឱ វណ្ណឌីន បានបន្តថា អ្វីដែលសំខាន់នៅពេលនេះ​ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេកដែលនាំឱ្យរលាកស្បែក​ បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន​ សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់​ ដង្ហក់​ ឬដួលសន្លប់​ ហើយគាំ​ងបេះដូងស្លាប់ជាដើម។

លោកស្រីបានណែនាំថា ត្រូវរកទីតាំងម្លប់ជ្រក​ បើនៅក្រៅផ្ទះ​ ឬអគារ​ រកកន្សែង​ ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន​ ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន​ ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី​២-៣លីត្រក្នុងមួយថ្ងៃ​​។

រដ្ឋលេខាធិការក្រសួង​សុខាភិបាលដដែលរូបនេះបានបន្តទៀតថា កុំពិសារភេសជ្ជៈផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ​ និងប្រើសម្លៀកបំពាក់ស្រាលស្តើង​ ដៃវែង​ ពាក់មួកការពារកំដៅថ្ងៃ​ អាចប្រើឡូស្យុង (lotion) ការពារកំដៅថ្ងៃ​ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ​ ឬអគារ​ អាចប្រើកង្ហា​ ឬម៉ាស៊ីនត្រជាក់​ កាត់បន្ថយកំដៅបាន​។ ចៀសវាងការបរិភោគផ្អែមពេក​ ប្រៃពេក​ ឬខ្លាញ់ពេក​។

លោកស្រីថា ៖ «សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ រីករាយការកំសាន្តក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា​ ចៀសផុតនូវផលប៉ះពាល់សុខភាពដោយសារកំណើនកំដៅខ្លាំងនាពេលនេះផងដែរ»៕

 

Daily Program

Livesteam thumbnail