មន្រ្តីវ៉ាទីកង់ជំរុញអោយស្វែងរកសន្តិភាពតាមកិច្ចសន្ទនា និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ
លោក រ៉ូបឺត វីទីលឡូ (Robert Vitillo) អគ្គលេខាធិការនៃគណៈកម្មការឥន្តោប្រវេសន៍កាតូលិកអន្តរជាតិ បានជំរុញអោយពិភពលោកស្វែងរកសន្តិភាពតាមរយៈការសន្ទនានិងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោក រ៉ូបឺត វីទីលឡូ បានមានប្រសាសន៍បែបនេះនៅក្នុងបទសម្ភាសនៅថ្ងៃអំណរសប្បាយនៃថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រកន្លងទៅថ្មីៗនេះ។
លោកបានមានប្រសាសន៍ថា កំណើតរបស់ព្រះយេស៊ូ គឺជាសញ្ញាដ៏មានឥទ្ធិពល និងជាសារនៃសេចក្តីសង្ឃឹមនៅក្នុងពិភពលោកដ៏ខ្មៅងងឹត ដែលគ្រប់ដណ្តប់ដោយស្រមោលនៃការភ័យខ្លាច និងភាពមិនប្រាកដប្រជានានា។
លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំនៅតែជឿថា ព្រះគ្រីស្តគឺជាពន្លឺនៃសន្តិភាពរបស់យើង ហើយ រាល់ប្រជាជាតិដែលកំពុងតែរស់នៅដោយមិនមានសន្តិភាព គឺបានកំពុងតែតស៊ូដើម្បីស្វែងរកវា»។
ពាក់ព័ន្ធនឹងស្ថានភាពដែលពិភពលោកកំពុងតែប្រឈមមុខនឹងបញ្ហាឥន្តោប្រវេស លោក បានមានប្រសាសន៍ថា ៖ «យើងទាំងអស់គ្នាត្រូវតែចងចាំថា ព្រះយេស៊ូ និងព្រះនាងម៉ារី ទ្រង់ទាំងពីរក៏ជាអ្នកដែលគ្មានផ្ទះសម្បែងដែរ ហើយសូម្បីតែពេលទ្រង់ប្រសូត រហូតដល់ធំដឹងក្តី គឺទ្រង់ស្គាល់តែទុក្ខលំបាកនៅក្នុងនាមជាជនភៀសខ្លួន ប៉ុន្តែទ្រង់មិនដែលហត់នឿយឡើយ ហើយបានព្យាយាមជាបន្តបន្ទាប់រហូតដល់ទ្រង់អាចនាំមកនូវពន្លឺនិងសេចក្តីសង្ឃឹម ព្រមទាំងសន្តិភាព»៕