លោកកាឌីណាល់នៃព្រះសហគមន៍នៅមីយ៉ាន់ម៉ាប្រាប់យុវជន ១.៦៥០នាក់ថា ពួកគេអាចក្លាយជាអ្នកប្រកាសដំណឹងល្អបានចាប់ពីថ្ងៃនេះតទៅ
យុវជនជាង ១.៦០០នាក់ បានជួបជុំគ្នានៅតំបន់ត្វានតាយ (Twantay) នៃព្រះសហគមន៍ភូមិភាគយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែតុលា ដើម្បីប្រារព្ធទិវាពិភពលោកសម្រាប់ការផ្សព្វផ្សាយសាសនា។
នៅក្នុងឱកាសនោះ លោកកាឌីណាល់ ឆាល មោង បូ (Charles Maung Bo) នៃព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា បានជំរុញឱ្យពួកគេចែករំលែកក្តីស្រឡាញ់របស់ព្រះយេស៊ូ តាមរយៈសកម្មភាពល្អៗក្នុងជីវិតប្រចាំថ្ងៃ។
លោកកាឌីណាល់ ដែលជាអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគយ៉ាងហ្គូន និងជាប្រធានសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកប្រទេសមីយ៉ាន់ម៉ា បានដឹកនាំអភិបូជានៅព្រះវិហារកាតូលិកនៅក្នុងតំបន់នោះ។
នៅក្នុងធម្មទេសនារបស់លោក លោកកាឌីណាល់បានប្រាប់យុវជនដែលបានចូលរួមថា ពួកគេមិនចាំបាច់រង់ចាំរហូតដល់ពេញវ័យ ឬក្លាយជាបូជាចារ្យ ដូនជី ឬអភិបាលនោះទេ គឺពួកគេអាចចូលរួមក្នុងបេសកកម្មប្រកាសដំណឹងល្អរបស់ព្រះសហគមន៍បានពីឥឡូវនេះ។
លោកបានមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កូនៗអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាបានចាប់ពីថ្ងៃនេះតទៅ»។ លោកបានលើកទឹកចិត្តឱ្យពួកគេចែករំលែកក្តីស្រឡាញ់របស់ព្រះយេស៊ូ មិនថាពួកគេរស់នៅ សិក្សា ឬជួបជុំជាមួយអ្នកដទៃនៅទីណាក៏ដោយ។
នាឱកាសនោះដែរ លោកកាឌីណាល់បានជំរុញឱ្យយុវជនទាំងនោះក្លាយជា «ពន្លឺតូចៗរបស់ព្រះគ្រីស្ទ» តាមរយៈសកម្មភាពសាមញ្ញៗ ដូចជា ការស្វាគមន៍មិត្តរួមថ្នាក់ ការធ្វើជាមិត្តជាមួយកុមារដែលឯកោ ឬត្រូវបានគេទុកចោល ការចែករំលែកអាហារដល់អ្នកដែលខ្វះខាត និងការជួយដល់អ្នកដទៃជាដើម។
លោកបានសង្កត់ធ្ងន់ថា យុវជនអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងផ្ទះ សាលារៀន ព្រះសហគមន៍កាតូលិក និងសហគមន៍ក្នុងតំបន់របស់ពួកគេ ដោយមិនចាំបាច់សម្រេចបាននូវកិច្ចការដ៏អស្ចារ្យ ឬក្លាយជាមនុស្សល្បីល្បាញនោះទេ។
