នយោបាយ «ច្នៃប្រវត្តិសាស្ត្រ» ៖ អាថ៌កំបាំងនៅពីក្រោយការទាញផល ចំណេញពី បាតុកម្មបារាំងរបស់ចលនាម៉ាហ្គា MAGA នៅអាម៉េរិក

បាតុកម្ម និងការតវ៉ារបស់សិស្សវិទ្យាល័យនៅប្រទេសបារាំងជុំវិញវិបត្តិជីវភាពរស់នៅ និង វិស័យអប់រំ បានប្រែក្លាយជា «អាវុធនយោបាយ» ដ៏មានប្រជាប្រិយភាពសម្រាប់ថ្នាក់ដឹកនាំ អាម៉េរិក។ ចលនាម៉ាហ្គា (MAGA) ឬចលនាធ្វើឲ្យអាម៉េរិកអស្ចារ្យម្តងទៀត​ ក្រោមការ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក ជេ ឌី វ៉ាន ក៏បានប្រើប្រាស់​ស្ថានការណ៍ចលាចលនៅទីក្រុងប៉ារីស ដើម្បីបង្វែរសាច់រឿង បម្រើឱ្យ​របៀបវារៈ​នយោបាយ​ផ្ទៃ​ក្នុង និងពង្រឹងមូលដ្ឋានអ្នកគាំទ្ររបស់ខ្លួន។

ការបង្វែរសាច់រឿង ៖ ពីវិបត្តិសង្គម ទៅជាសង្គ្រាមមនោគមវិជ្ជា

ព្រឹត្តិការណ៍បាតុកម្មកាលពីថ្ងៃទី១៧ ខែតុលា ដែលផ្តើមចេញពីកំហឹងរបស់សិស្ស​វិទ្យាល័យ​ទាមទារថវិកាអប់រំ និងការតវ៉ារបស់ប្រជាជនប្រឆាំងនឹង «ការកើនឡើងនៃថ្លៃជីវភាពរស់នៅ» ត្រូវបានក្រុមអ្នកនយោបាយស្តាំជ្រុលអាម៉េរិកបកស្រាយក្នុងរូបភាពផ្សេងស្រឡះ។ លោក ដូណាល់ ត្រាំ បានប្រកាសភ្លាមៗថា ទីក្រុងប៉ារីសកំពុងត្រូវអណ្ដាតភ្លើងស៊ីបំផ្លាញ ហើយ​បាន​ទាមទារ​ឱ្យមានការបិទព្រំដែន។ ជាមួយគ្នានេះ មហាសេដ្ឋីអេឡុន ម៉ាស ក៏បានបោះសម្តីថា ការតវ៉ានេះមិនមែនជាកំហឹងរបស់សិស្សសាលានោះទេ ប៉ុន្តែវាគឺជា «ការឈ្លានពានដ៏​សន្សឹមៗ»។ ​ចំណែកឯលោក ជេ ឌី វ៉ាន វិញ បានកែច្នៃព្រឹត្តិការណ៍នេះទៅជា «សង្គ្រាម​វប្បធម៌» ដោយទម្លាក់កំហុសលើ «ក្រុមសេរីនិយមលោកខាងលិច» ដែលនាំចូលជន​អន្តោ​ប្រវេសន៍​​ពី​ប្រទេសតតិយលោក។

ដូច្នេះ ការបះបោលរបស់សិស្សវិទ្យាល័យបារាំងដើម្បីទាមទារមធ្យោបាយបន្ថែ​មសម្រាប់​ការ​អប់រំ និង​បាតុកម្មបរិហារ​លើ​បញ្ហា​នៃ «ការកើនឡើងនៃថ្លៃជីវភាពរស់នៅ”​ កាលពី​ថ្ងៃ​ទី១៧ ខែ​តុលា ហាក់ដូចជាបានទាក់ទាញការចាប់​អារម្មណ៍​យ៉ាង​​ខ្លាំងពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

អ្នកឯកទេសនយោបាយអាម៉េរិក លោកហ្ស៉េរ៉ូម វីយ៉ាឡា ហ្គោដឺហ្វ្រ័យ មកពីសកលវិទ្យាល័យ ស្យ៉ង់ ប៉ូ Sciences Po ប្រទេសបារាំង បានលើកឡើងថា សារលើបណ្តាញសង្គមទាំងនេះគឺជា «ការកែច្នៃ និងតម្រូវសាច់រឿងឡើងវិញទាំងស្រុង» ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នៅ​បារាំងស្រប​ទៅ​នឹង​ទ្រឹស្តីប្រកាន់ពូជសាសន៍ និងមនោគមវិជ្ជារបស់ពួកគេតែប៉ុណ្ណោះ។

ល្បែងយុទ្ធសាស្ត្រនយោបាយ និងការបង្វែរដានប្រព័ន្ធផ្សព្វផ្សាយ

សម្រាប់លោក ជេ ឌី វ៉ាន វិបត្តិនៅប្រទេសបារាំងកើតឡើងចំពេលវេលាដ៏មានតម្លៃបំផុត។ ក្នុង​បរិបទដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិកំពុងខិតជិតមកដល់ ហើយគណបក្ស​សាធារណរដ្ឋ​អាចប្រឈមមុខនឹងការបាត់បង់អាសនៈ ការទាញយក​ប្រធានបទអន្តោប្រវេសន៍​មកធ្វើជាចំណុចទាក់ទាញ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំផុស​ស្មារតីក្រុម​អ្នក​គាំទ្រ​ចលនាម៉ាហ្គា MAGA។

បន្ថែមពីនេះ លោក វីលៀម ហ្ស៉េនីញ៉េ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវ និង​វិទ្យាសាស្រ្ត​បារាំង CNRS បានវិភាគថា ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យលោក ជេ ឌី វ៉ាន បង្វែរការចាប់​អារម្មណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចេញពីសំណុំរឿងសង្គ្រាមដ៏ប្រឈមនៅអ៊ីរ៉ង់ និង​អ៊ីស្រាអែល ដែលទាំងនេះគឺ​ជា​ប្រធាន​បទ​ដែល​លោកមានទស្សនៈមិនសូវស្របគ្នា​មួយ​ចំនួនជាមួយលោក ត្រាំ។ ដូច្នេះ​ការ​លាត​​ត្រដាងលើបញ្ហាបារាំង មិនត្រឹមតែជួយឱ្យ​លោក​ទទួល​បានការចាប់អារម្មណ៍ពី​សារព័ត៌មាន​ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យ​រូប​លោកបង្ហាញជំហរ​ឯកភាពគ្នា​យ៉ាង​រឹងមាំជាមួយលោក ដូណាល់ ត្រាំ លើប្រធានបទ​អន្តោ​ប្រវេសន៍ផងដែរ។

ជារួម សកម្មភាពបាតុកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមនៅបារាំង កំពុងតែបានក្លាយ​ទៅ​ជា​ឧបករណ៍​​ឃោសនានយោបាយនៅអាម៉េរិក។ នេះក៏វាបានបង្ហាញយ៉ាងច្បាស់ពីសិល្បៈ​នៃ​ការ​ច្នៃ​ប្រឌិតព័ត៌មានក្នុងសម័យកាលទំនើប ដែលជាការស្រង់យកព្រឹត្តិការណ៍អន្តរជាតិ និង​ត្រូវ​បាន​ប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមួយ​យ៉ាងមាន​ប្រសិទ្ធ​ភាព។

 

Daily Program

Livesteam thumbnail
khmer popup image