មន្រ្តីជាន់ខ្ពស់សន្តអាសនៈ សន្តិភាព និងកិច្ចសន្ទនាអំពីវិបត្តិនៅហ្គាហ្សានៅតែមានសង្ឃឹម
លោកកាឌីណាល់ ហ្វេណាដូ ហ្វីឡូនី (Fernando Filoni) មន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈនៅវ៉ាទីកង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយវ៉ាទីកង់ញូវថា សន្តិភាព និងកិច្ចសន្ទនារកដំណោះស្រាយនៃវិបត្តិនៅហ្គាហ្សានៅតែមាន។
លោកបានមានប្រសាសន៍ក្រោយពេលដែលបញ្ចប់ដំណើរធម្មយាត្រាទៅកាន់ដែនដីពិសិដ្ឋរយៈពេល១សប្តាហ៍កាលពីមុនដំណាច់ឆ្នាំ២០២៣ និងឆ្លងចូលឆ្នាំ២០២៤ថា សូមជឿចុះថា ច្រកនៃសន្តិភាព និងកិច្ចសន្ទនាដែលអាចនឹងបញ្ចប់វិបត្តិនៅហ្គាហ្សាគឺនៅតែមានជានិច្ច។
លោកកាឌីណាល់ ក៏បានធ្វើការអំពាវនាវបន្តទៀតនៅក្នុងនាមជាមន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន បង្ហាញពិភពលោកថា សន្តិភាពគឺនៅតែមានសម្រាប់ប្រជាជន ដែលកំពុងតែរងទុក្ខលំបាក។
លោកកាឌីណាល់បានបន្តទៀតថា អ្វីដែលសន្តអាសនៈបានធ្វើ និងកំពុងតែយកចិត្តទុកដាក់នោះ គឺយើងចង់ចែករំលែកនិងបង្ហាញថា សន្តិភាពគឺនៅតែមានច្រក និងលទ្ធភាព។
លោកកាឌីណាល់បានបញ្ជាក់ទៀតថា យើងចង់ប្រាប់គ្រប់គ្នាថាសូមជឿជាក់ចុះ ប្រសិនបើគ្រប់គ្នាពិតជាចង់បានសន្តិភាពពិតប្រាកដ។
លោកកាឌីណាល់ក៏បានបង្ហាញនូវស្មារតីនៃភាតរភាពរវាងសន្តអាសនៈនិងពលរដ្ឋដែលកំពុងតែរងនូវទុក្ខលំបាកគ្រប់បែបយ៉ាងនៅហ្គាហ្សា។ ដោយលើកឡើងថា សន្តអាសនៈគឺនឹងនៅជាមួយនឹងបងប្អូនជាអ្នកដែលរងទុក្ខលំបាកទាំងអស់ ហើយយើងមិនមែននៅជាមួយអ្នកណា ហើយប្រឆាំងអ្នកណានោះទេ គឺយើងនៅជាមួយគ្រប់គ្នា ដោយសន្តិភាព សេចក្តីស្រលាញ់ និងមេត្តាករុណា៕