មនុស្ស​២នាក់ស្លាប់​បណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត

ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅថ្ងៃទី​៨ ខែកក្កដាថា នៅថ្ងៃទី៦ ខែកក្កដា ​ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិ​ភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។

ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង៧ នាក់មុនទេ)។

​ទាក់ទងនឹងករណីពុលនេះ ក្រសួងសុខាភិបាល បាន​សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវ និងធ្វើការក្រើនរំលឹកដល់ពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រក​បដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវការពុលត្រីក្រពត ដែល​បង្កជាបញ្ហាសុខភាពដែលអាចធ្វើឱ្យបាត់បង់ជីវិត។

ក្រសួងថា ៖ «សូមបងប្អូនប្រជាពលរដ្ឋ កុំបរិភោគត្រីក្រពតដែលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុង ខ្លួនត្រី អាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានេទ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ»។

ប្រភពដដែលបានបញ្ជាក់ថា ​ត្រីក្រពតទាំង ៥ប្រភេទ ដែលមានជាតិពុល គឺមានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះពី ខែកក្កដា ទៅខែកញ្ញា។

នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ៩ប្រភេទ ក្នុងនោះមាន ៥ប្រភេទ មានជាតិពុល។ តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពតដែលមានជាតិពុល (មានភិនភាគដូចក្នុងរូបភាពភ្ជាប់ជូនខាង ក្រោម) រួមមាន៖ ១. ត្រីក្រពតភ្នែកក្រហម (Carinotetraodon Lortei ឬ Redeye Puffer) មាន ទំហំអតិបរមា ៦ស.ម, ២. ត្រីក្រពតអុចធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មានទំហំ អតិបរមា ៨ស.ម, ៣. ត្រីក្រពតកូសាំងស៊ីន (Monotrete Cochinchinensis) មានទំហំអតិបរមា ១៣,៥ស.ម, ៤. ត្រីក្រពតអុចបៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មានទំហំអតិបរមា ១៧ស.ម. និង៥. ត្រីក្រពតហ្លួវៀធីលីស (Tetraodon Fluviatilis) មានទំហំអតិបរមា ១៧ស.ម។

ក្រសួង​បន្តថា ៖ «នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ កណ្ដាល និងអាចបណ្តាលឱ្យស្លាប់។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពងនិងផ្អែម របស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់»។

រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យស្លាប់។

នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្ដាលមកពីវិបត្តិផ្លូវដង្ហើម។ វិធីសង្គ្រោះភ្លាមៗ ក្រោយ ពីពុល អាចធ្វើបានតាមរយៈធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុង ខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋាន សុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានពីគ្រូពេទ្យជាចាំបាច់។

ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឱ្យ​ពលរដ្ឋគ្រប់រូបអនុវត្តតាមដំបូន្មានខាងលើ និងបន្តផ្សព្វផ្សាយសារអប់រំនេះដល់ក្រុមគ្រួសារ សាច់ញាតិ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ ចៀសផុតពី ការឈឺ និងស្លាប់ដោយសារការបរិភោគត្រីក្រពតដែលមានជាតិពុលទាំង៥ប្រភេទនេះ៕

Daily Program

Livesteam thumbnail