មណ្ឌលសិស្ស​នៅព្រះសហគមន៍កាតូលិកចម្លាក់ មានអគារស្នាក់នៅថ្មី

លោកអភិបាល​សិលា សួន ហង្សលី អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម បាន​ធ្វើពិធី​ប្រទានពរ​លើមណ្ឌល​សិស្ស​វិទ្យាល័យ នៅព្រះសហគមន៍ចម្លាក់ ស្ថិត​ក្នុង​ភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី០៣ ខែមីនា។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី ព្រមទាំងមាតាបិតារបស់សិស្សស្នាក់នៅក្នុង​មណ្ឌលផងដែរ ដោយ​មាន​ទាំង​ពិធី​ថ្វាយអភិបូជា​ក្រោម​អធិបតីភាព​របស់​លោកអភិបាល​ភូមិភាគកំពង់ចាម។

ក្នុងធម្មទេសនារបស់លោកអភិបាលបានមានប្រសាសន៍ថា នៅថ្ងៃនេះ យើង​ធ្វើពិធីប្រទានពរនៅលើអគារថ្មី ដែល​ជា​កន្លែង​ស្នាក់នៅនិង​​ទទួលការអប់រំរៀនសូត្រ។ អគារនេះ​ពិត​ជា​មាន​ប្រយោជន៍ណាស់​សម្រាប់​យុវជន​ដែលកំពុង​សិក្សា​រៀនសូត្រ ដើម្បី​អាច​ឲ្យ​សិស្ស​ម្នាក់​ៗ​​រៀបចំ​ជីវិត​របស់​ខ្លួន​ឲ្យ​នៅ​ជាប់​ជាមួយ​សេចក្តីល្អជានិច្ច។

​​​​លោកអភិបាល​សង្ឃឹមថា លោកបូជាចារ្យ បងស្រី និងលោកគ្រូអ្នកគ្រូដែលនៅទីនេះ ជួយយកចិត្តទុកដាក់ណែនាំកូនសិស្ស ឲ្យរស់នៅដូចជាគ្រួសារតែមួយ ដោយជួយអប់រំទាំងចំណេះដឹង សីលធម៌ល្អ និង​ឲ្យពួកគេ​មាន​​សេចក្តីស្រឡាញ់ក្នុងខ្លួន។

មណ្ឌលស្នាក់នៅ​របស់​សិស្សនៅព្រះសហគមន៍កាតូលិកចម្លាក់នេះ បានចាប់ផ្តើមឡើងកាលពី​ម្ភៃឆ្នាំមុន​​ ដោយមាន​ផ្ទះធ្វើ​អំពី​​ឈើ កសាងដោយ​​លោកបូជាចារ្យ ហ្វ្រង់ស័រ ប៉ុងសូដ៍ ជា​អតីត​អ្នកទទួល​ខុស​ត្រូវ​នៅ​ព្រះសហគមន៍នេះ។ ដោយសារតម្រូវការ​បន្ថែម​សម្រាប់កូនសិស្សស្នាក់នៅ​ នៅឆ្នាំ២០២៣ លោកបូជាចារ្យ អេទៀន ឡូតា បានខិតខំស្វែងរកជំនួយថវិកាពីប្រទេសបារាំង ដើម្បីកសាងអគារថ្មី​ដោយ​ក្នុងនោះរួមមាន អគារស្នាក់នៅពីរ សម្រាប់សិស្សស្រី និងសិស្សប្រុស ផ្ទះបាយ និងបន្ទប់ប្រជុំមួយ។

ការ​បង្កើត​មណ្ឌលនេះ​ឡើង​គឺ​ជួយដល់កូនសិស្សគ្រួសារមានជីវភាពពិបាក ដែលនៅឆ្ងាយពីសាលាពិបាកធ្វើដំណើរ។ សព្វថ្ងៃទទួលខុសត្រូវដោយលោកបូជាចារ្យ ប៉ូល សូនីល រួមនិងលោកបូជាចារ្យ អេទៀន ឡូតាជាជំនួយការ។ បច្ចុប្បន្ន​មណ្ឌលស្នាក់នៅ​របស់​សិស្សនេះ​ មាន​កូនសិស្ស​សរុប១៧នាក់ ក្នុងនោះ​មាន​ស្រីចំនួន​១០នាក់។

ដូច សុជាតិ កូនសិស្សថ្នាក់ទី១២ ដែលមកពីភូមិពើសបានឲ្យដឹង​ថា គាត់​សប្បាយចិត្តនិងរំភើបយ៉ាងខ្លាំង ដោយមានមណ្ឌលថ្មី មានកន្លែងស្នាក់នៅល្អជាងមុន ហើយមានបន្ទប់រៀនល្អ មានកន្លែងលេងកីឡាផងដែរ។

នាងប្រាប់ថា៖ «នាងខ្ញុំសូមអរគុណដល់លោកពុក ដែលបានផ្តល់ឱកាសឲ្យខ្ញុំមករៀននិងស្នាក់នៅទីនេះ ខ្ញុំប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងរៀនឲ្យបានល្អ ដើម្បីទទួលបានអនាគតល្អប្រសើរ»៕

 

 

ដោយ៖ ម៉េង ភីឡុង

Daily Program

Livesteam thumbnail