មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ផ្តល់ឱកាសដល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទបាន
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានទីតាំងនៅជើងភ្នំក្បាលស្ពាន ឧទ្យានជាតិព្រះស្រីវរ្ម័ន នរោត្តម-ភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងផ្តល់ឱកាសដល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះមកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅមជ្ឈមណ្ឌលនេះបាន។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) គឺជាមជ្ឈមណ្ឌលអភិរក្សធម្មជាតិដំបូងគេក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ និងជីវចម្រុះនៅកម្ពុជា ដែលបានផ្តល់ជម្រកដល់សត្វព្រៃរាប់រយក្បាល ក្នុងចំណោមសត្វចំនួន៣០ប្រភេទ។
មជ្ឈមណ្ឌលACCB បានលើកឡើងថា ៖ «ពួកយើងមានការតាំងចិត្តក្នុងការស្វែងយល់អំពីអាកប្បកិរិយារបស់សត្វ និងលក្ខណៈជីវសាស្រ្តរបស់សត្វដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកវា។ វិធីសាស្រ្ដមួយដែលយើងធ្វើដើម្បីបង្កើនចំណេះដឹងរបស់យើងគឺការផ្តល់ឱកាសដល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះមកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅ ACCB»។
ប្រភពដដែលបានបន្តថា ឆ្នាំនេះACCB មានសេចក្ដីរំភើប ដោយមានវត្តមានកញ្ញា Lauren DE NARDI ជានិស្សិតមកពីប្រទេសបារាំង បានមកសិក្សាស្រាវជ្រាវអំពីសត្វអណ្ដើកសរសៃ (Batagur affinis) ដែលត្រូវបានគេស្គាល់ផងដែរថាជា «អណ្ដើកហ្លួង»។
ប្រភេទសត្វកំពុងរងគ្រោះថ្នាក់ខ្លាំង/ជិតផុតពូជនេះ ត្រូវបានគេគិតថាផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតដល់មានការរកឃើញឡើងវិញក្នុងឆ្នាំ ២០០០។
តាមរយៈកិច្ចសហការរបស់ ACCB ជាមួយនឹងអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា និងរដ្ឋបាលជល មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កំពុងសិក្សាអំពីអាកប្បកិរិយានៃការធ្វើសំបុករបស់អណ្តើកទាំងនេះ ដើម្បីធ្វើឱ្យការថែទាំពួកវានៅក្រៅដែនជម្រកធម្មជាតិមានលក្ខណៈប្រសើរឡើង និងធានាដល់ការរស់រានមានជីវិតរបស់ពួកវានាពេលអនាគត៕