ព្រះសហគមន៍នៅហ្វីលីពីន ជំរុញឱ្យគ្រីស្តិបរិស័ទចូលរួមយុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដី
លោក រូភ័តូ សាន់តូ ( Ruperto Santos ) អភិបាលនៃព្រះសហគមន៍កាតូលិកនៃភូមិភាគ អេនទីប៉ូឡូ (Antipolo) នៅក្នុងប្រទេសហ្វីលីពិន បានជំរុញឱ្យគ្រិស្តបរិស័ទ រក្សាបរិស្ថានដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ មិនមែនសម្រាប់តែមនុស្សបច្ចុប្បន្ននោះទេ។
លោកអភិបាលបាននិយាយនៅក្នុងបទសម្ភាសន៍ ក្នុងប្រទេសហ្វីលីពីនថា ៖ «យើងអាចបង្ហាញថាយើងជាបុត្រាបុត្រីពិតរបស់ព្រះជាម្ចាស់ នៅពេលដែលយើងយកចិត្តទុកដាក់ចំពោះការបង្កើតរបស់ទ្រង់ ហើយក្នុងការធ្វើដូច្នេះ យើងបានតបស្នងតាមរបៀបដែលគោរពដល់ព្រះ»។
លោកអភិបាលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលះបង់មួយម៉ោងដើម្បីជួយបរិស្ថាន និងលើកកម្ពស់ការសម្រាកសម្រាប់ដល់ធម្មជាតិ។
លោកអភិបាលក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលស្គាល់ការទទួលខុសត្រូវរបស់យើងចំពោះពិភពលោកដែលព្រះជាម្ចាស់បានប្រគល់ឱ្យយើង ដូច្នេះការចូលរួមក្នុងសកម្មភាពជាសកលដូចជា យុទ្ធនាការបិទភ្លើងមួយម៉ោងគឺជាមធ្យោបាយដ៏មានអត្ថន័យដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់យើងសម្រាប់ភពផែនដី របស់យើង។
គួររំលឹកថា យុទ្ធនាការនេះកើតឡើងដំបូង នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០៧ហើយបច្ចុប្បន្នយុទ្ធនាការនេះទទួល ការចូលរួមពីទីក្រុងប្រមាណជា៧០០០ ទីក្រុងនៅ១៩៣ ប្រទេសជុំវិញពិភពលោក៕