ព្រះសហគមន៍ត្រពាំងរុន មានអភិបូជាលើកដំបូង

ព្រះសហគមន៍​ត្រពាំង​រុន បាន​រៀបចំ​កម្មវិធីអភិបូជា​លើកដំបូង​របស់ខ្លួន​ កាលពីថ្ងៃទី១៦ខែធ្នូកន្លងទៅ ក្រោមអធិបតី​ភាព​របស់​លោក​​បូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ រួម​និងលោកបូជាចារ្យ អន់តូនី ថៃ រតនៈ និងលោកបូជាចារ្យ តាវ៉ូឡា យ៉ាំង លូកា រួមជាមួយគ្រីស្តបរិស័ទជិត​ឆ្ងាយ​ក្នុងមណ្ឌល​សកម្មភាព​កំពត​-កែបប្រមាណជា៨០នាក់។

លោក ឯម សារ៉េត ជាគ្រូអប់រំជំនឿនៅព្រះសហគមន៍ត្រពាំងរុន បានឱ្យដឹងថា ព្រះសហគមន៍ត្រពាំងរុនកកើតឡើងនៅឆ្នាំ២០១៨ ដោយចាប់ផ្ដើម​មាន​សាលាមត្តេយ្យតាមតម្រូវការបងប្អូននៅក្នុងភូមិ។

លោកបន្តថា បងប្អូនដែលបានឈ្វេងយល់អប់រំជំនឿគឺពួកគាត់តស៊ូ ដើម្បីស្គាល់ពីព្រះជាម្ចាស់ ស្គាល់ពីជីវិតរបស់ព្រះយេស៊ូគ្រីស្ត ទោះបីជាលំបាក ពួកគាត់មិនចេះអក្សរ​ ប៉ុន្តែពួកគាត់អាចថាតាមនឹងមើលរូបភាពបាន ហើយពោរពេញដោយជំនឿ មានភាពក្លាហាននិងភាពស្វាហាប់។ ព្រះសហគមន៍នឹង​អនុញ្ញាត​​ឱ្យពួកគាត់ធ្វើជំហានទីមួយនៅឆ្នាំក្រោយ។

ក្នុងពិធីអប់រំជំនឿ​របស់​ព្រះសហគមន៍កាតូលិ​កនៅ​ក្នុងប្រទេស​កម្ពុជា ការរៀន​អប់រំជំនឿ ត្រូវ​ការ​រយៈពេល​មួយឆ្នាំ ឬ​ពីរឆ្នាំ អាស្រ័យ​លើ​អ្នកឈ្វេងយល់។

តាម​ការ​ឲ្យដឹង​របស់​លោក​ សារ៉េត បច្ចុប្បន្ន​មាន​អ្នកឈ្វេងយល់​ជំនឿ​ចំនួន​៣០នាក់ ហើយ​ព្រះសហគមន៍នេះ មាន​គ្រីស្តបរិស័ទ​តែ​ម្នាក់ប៉ុណ្ណោះ។

ថ្លែងនៅក្នុងធម្មទេសនាក្នុង​ឱកាស​នោះ​ លោកបូជាចារ្យ ជីអូវ៉ាន់នី មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយដែលមានអំណរសប្បាយ​សម្រាប់ព្រះសហគមន៍ត្រពាំងរុន ដែលបានថ្វាយអភិបូជា លើកដំបូង ហើយនឹងមានបងប្អូនគ្រីស្តបរិស័ទមកពីព្រះសហគមន៍នានាមកចូលរួមយ៉ាងច្រើនកុះករ ទាំងនេះបញ្ជាក់ឱ្យឃើញថាទោះបីជាព្រះសហគមន៍ត្រពាំងរុនទើបតែមានគ្រីស្តបរិស័ទចាប់ផ្ដើមតែម្នាក់ក៏ពិតមែន ប៉ុន្តែយើងត្រូវធ្វើដំណើររួមជាមួយគ្នាទៅមុខ ពោរពេញដោយជំនឿ សេចក្ដីស្រលាញ់ ក្នុងនាមព្រះយេស៊ូគ្រីស្ត។

លោកបន្តថា ព្រះសហគមន៍ត្រពាំងរុន ជាព្រះសហគមន៍​ក្មេងខ្ចី ត្រូវការថែទាំពីព្រះសហគមន៍បង ដែល​មានតួនាទី​ផ្ដល់សក្ខីភាពនៃជំនឿ បង្ហាញសេចក្ដីស្រលាញ់ ធ្វើជាគំរូ​ ​ដើម្បីឱ្យព្រះសហគមន៍ដែលជាប្អូនរកឃើញវត្តមានព្រះយេស៊ូគ្រីស្តក្នុងដួងចិត្តនិងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោកបូជាចារ្យ សំណូម​ពរ​ដល់​អ្នកឈ្វេងយល់​ជំនឿ​​នៅព្រះសហគមន៍ត្រពាំងរុន បន្តខិតខំថែរក្សាជំនឿដោយអធិដ្ឋានរៀងរាល់ថ្ងៃ ដោយ​​នឹកឃើញដល់វត្តមានរបស់ព្រះយេស៊ូដែលសោយទិវង្គតនៅលើឈើឆ្កាង សូម​​ព្រះវិញ្ញាណដ៏វិសុទ្ធមកគង់សណ្ឋិតក្នុងដួងចិត្តនិងជួយបំភ្លឺ​ព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទាន ពោរពេញដោយជំនឿ និងសេចក្ដីស្រលាញ់របស់ព្រះអង្គ។

«ក្នុងនាមខ្ញុំជាគ្រីស្តដំបូងនៅទីនេះ ខ្ញុំប្ដេជ្ញាចិត្តថានឹងបន្តជំនឿដល់បងប្អូនឯទៀតៗ ដោយសកម្មភាពរស់នៅប្រចាំថ្ងៃជាគ្រីស្តបរិស័ទ ការបង្ហាញសេចក្ដីស្រលាញ់​ មេត្តាករុណាដែលទទួលបានពីព្រះជាម្ចាស់» នេះជាសម្ដីរបស់លោក វ៉ាង ណារ៉ា គ្រីស្តបរិស័ទដំបូងនៅព្រះសហគមន៍ត្រពាំងរុន ដែលទទួលពិធីជ្រមុជទឹកក្នុងឆ្នាំ២០២៣នេះ។

លោកបន្តថា ទោះបីជាមិនទាន់មានព្រះវិហារ មិនទាន់មានគ្រីស្តបរិស័ទច្រើនក៏ពិតមែន​ក៏លោកនៅតែមានជំនឿយ៉ាងមុតមាំថាព្រះសហគមន៍ត្រពាំងរុននៅថ្ងៃខាងមុខ នឹងរីកចម្រើនឡើង ដោយសង្ឃឹមថាព្រះជាម្ចាស់នឹងបង្ហាញផ្លូវ ធ្វើពន្លឺដើម្បីបំភ្លឺដល់អស់បងប្អូនដែលកំពុងតែឈ្វេងយល់នៅតំបន់នេះ។

ក្នុង​ឱកាសនោះ ក៏មាន​ប្រសិទ្ធពរ​លើ​រូបសំណាកព្រះនាងម៉ារី​​ជា​មាតា​នៃ​ព្រះសហគមន៍​ តាមសំណូមពរ​របស់​ចាស់ៗក្នុងភូមិដែល​កំពុង​ឈ្វេងយល់អប់រំជំនឿ។​

ព្រះសហគមន៍ត្រពាំងរុន ស្ថិតនៅភូមិខ្ពប​ ឃុំតាកែន ស្រុកឈូក ខេត្តកំពត មានសាលាមត្តេយ្យមួយកំពុងដំណើរការ​ដែល​មានកូនសិស្សចំនួន៦០នាក់៕

 

ដោយ​ចាន់​ម៉ានុត

Daily Program

Livesteam thumbnail