ព្រះសហគមន៍ខ្នាចរមាសឆ្លងព្រះវិហារថ្មី
ព្រះវិហារធ្វើអំពីថ្ម មានបណ្តោយ៣០និងទទឹង១០ម៉ែត្របានសាងសង់រួចរាល់និងដាក់ឆ្លងឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ ខែកុម្ភៈនេះ ដែលមានឈ្មោះថា ព្រះវិហារធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ របស់ព្រះសហគមន៍ខ្នាចរមាស ក្រោមអធិបតីភាពរបស់លោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងលោកសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងចូលរួមដោយលោកបូជាចារ្យ ដូនជី អាជ្ញាធរភូមិឃុំ និងគ្រីស្តបរិស័ទប្រមាណ៨០០នាក់មកពីភូមិភាគទាំងបី។
មានប្រសាសន៍ក្នុងធម្មទេសនានាថ្ងៃដដែលនោះ លោកអភិបាលសិលា សួន ហង្សលី ដែលធ្លាប់មកបំពេញបេសកកម្មនៅក្នុងទឹកដីព្រះសហគមន៍នេះ ក្នុងពេលលោកជានិស្សិតទេវវិទ្យាល័យកាលពីឆ្នាំ១៩៩៥ បានឲ្យដឹងថា លោកពិតជាមានអំណរសប្បាយ ដោយឃើញព្រះសហគមន៍នៅទីនេះមានជំនឿរឹងមាំ ហើយបានកសាងព្រះវិហារថ្មីដ៏ស្អាតគឺព្រះវិហារនៃមេត្តាករុណារបស់ព្រះជាម្ចាស់។
ពាក្យថា ធម៌មេត្តាករុណានេះ ស្ថិតក្នុងចំណោមគុណធម៌៣របស់ព្រះសហគមន៍គឺ សេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និងធម៌មេត្តាកុរណា។ លោកអភិបាលបញ្ជាក់។
លោកអភិបាលបន្តថា កម្មវិធីថ្ងៃនេះ រំលឹកយើងអំពីប្រវត្តិរបស់ព្រះសហគមន៍ ហើយក៏រំលឹកយើងអំពីតួនាទីរបស់យើងជាគ្រីស្តបរិស័ទដែរ។ លោកថា ពិតមែនយើងសង់ព្រះវិហារអំពីថ្ម ប៉ុន្តែថ្មគ្រឹះដ៏សំខាន់ «គឺជាថ្មដែលមានជីវិត គឺព្រះយេស៊ូគ្រីស្ត»។ លោកបន្ថែមថា ថ្មមានជីវិតមួយទៀតគឺគ្រីស្តបរិស័ទដែលជាគ្រឹះសំខាន់ដើម្បីជួយឲ្យព្រះសហគមន៍រឹងមាំនិងរីកចម្រើន។
ទោះនៅក្នុងទុក្ខលំបាក ក្នុងសង្គ្រាមស៊ីវិល ព្រះសហគមន៍នៅតែរស់រានមានជីវិត គ្រាន់តែជួបនូវព្យុះភ្លៀងមួយរយៈហើយរលំ ក្រោយមកបានងើបឡើងវិញ នេះដោយសារគ្រីស្តបរិស័ទជាថ្មដែមានជីវិតនៅជាប់ជាមួយព្រះយេស៊ូដែលជាគ្រឹះ។ លោកបន្តថា នៅពេលដែលយើងប្រមូលបងប្អូនគ្រីស្តបរិស័ទដែលជាថ្មមានជីវិត ដើម្បីកសាងព្រះសហគមន៍ឡើងវិញ ណែនាំឲ្យយើងនឹកឃើញដល់សាសនទូតនានាដែលបានប្រកាសដំណឹងល្អដល់កន្លែងនេះ។
លោកបានបញ្ជាក់ថា «បងប្អូនគឺជាថ្មដែលមានជីវិតនេះរួមគ្នាការពារព្រះរាជដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដូច្នេះ ព្រះសហគមន៍សំខាន់ណាស់ដើម្បីទទួលព្រះគ្រីស្តគង់នៅជាមួយ ហើយគ្រីស្តបរិស័ទមានមុខងារសំខាន់ដែរ គឺទទួលព្រះជាម្ចាស់ដែលគង់នៅ និងសម្តែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀតៗ»។
ព្រះសហគមន៍ខ្នាចរមាស បានកកើតឡើងក្នុងអំឡុងឆ្នាំ១៩១០ ដែលមានគ្រីស្តបរិស័ទខ្មែរមកពីព្រះសហគមន៍ចំណោម ចំនួន៥០នាក់រស់នៅ។ នេះបើយោងតាមប្រវត្តិព្រះហគមន៍នៅប្រទេសកម្ពុជារៀបរៀងដោយលោកបូជាចារ្យប៉ុងសូដ៍ បោះពុម្ពផ្សាយក្នុងឆ្នាំ១៩៩២។
លោកម៉ានុច កុមារ ឯកា បូជាចា្យទទួលខុសត្រូវព្រះសហគមន៍ខ្នាចរមាសនេះ មានប្រសាសន៍ថា ការសង់ព្រះវិហារនេះ គឺដើម្បីប្រមូលគ្រីស្តបរិស័ទឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ក្នុងពេលគេមានអំណរសប្បាយ គេនឹងកោតសរសើរព្រះជាម្ចាស់ និងពេលគេមានទុក្ខលំបាកគេមកទូលអង្វរព្រះអង្គដើម្បីជួយបំភ្លឺរកដំណោះស្រាយក្នុងគ្រួសាររបស់ពួកគេ។
លោកបូជាចារ្យម៉ានុច ត្រូវបានលោកអភិបាលអេនរីគេ ហ្វីការេដូ ចាត់ឲ្យមកបំពេញបេសកកម្មនៅទីនេះតាំងពីឆ្នាំ២០២១ បន្តពីលោកបូជាចារ្យទម្លាប់សុផលដែលបានណែនាំព្រះសហគមន៍នេះរយៈពេលជាង២០ឆ្នាំមកហើយ។
លោកបន្ថែមថា លោកនឹងប្រមែរប្រមូលកូនចៅគ្រីស្តបរិស័ទដែលមិនសូវបានមកព្រះវិហារ ជំរុញឲ្យពួកគេមានជំនឿរឹងមាំ មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ហើយណែនាំពួកគេឲ្យក្លាយទៅជាគ្រីស្តបរិស័ទល្អសម្រាប់គ្រួសារ សង្គមនិងព្រះសហគមន៍។ លោកថា «នេះជាគោលបំណងរបស់ខ្ញុំ ដើម្បីកសាងប្រទេសជាតិនៅក្នុងប្រទេសកម្ពុជានិងនៅទីនេះ»។
តាមប្រសាសន៍របស់លោកម៉ានុច ព្រះវិហារថ្មីដែលមានឈ្មោះថា ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នេះ ចំណាយថវិកាសាងសង់អស់ជាង១០ម៉ឺនដុល្លារ ដែលបានចំណាយពេលវេលាសាងសង់ចំនួន៨ខែ។
លោកមានប្រសាសន៍ទៀថា ថវិកាទាំងនេះបានមកពីសប្បុរសជនគ្រីស្តបរិស័ទពីក្នុងនិងក្រៅប្រទេស។ «អ្នកទាំងអស់គ្នាបានចូលរួមជួយនិងកសាងបន្តិចម្នាក់ៗ ដូច្នេះហើយខ្ញុំអាចនិយាយថាយើងទាំងអស់គ្នាជាផ្ទាំងថ្ម ដែលបានកសាងព្រះសហគមន៍របស់យើងនៅទីនេះ» លោកបូជាចារ្យបញ្ជាក់។
ព្រះវិហារថ្មីត្រូវបានសង់ឡើងនៅទីទួលខ្ពស់ ខ្ពស់ជាងព្រះវិហារឈើចាស់ ដែលទ្រុឌទ្រោមនិងលិចទឹកជិត១ម៉ែត្រ។ តាមការរៀបរាប់របស់លោកម៉ានុចនៅថ្ងៃបញ្ចុះបឋមសិលាកាលពីឆ្នាំ២០២៣បាននិយាយថា ក្នុងរដូវវស្សាព្រះវិហារចាស់នេះលិចទឹកពិបាកប្រារព្ធពិធីបុណ្យផ្សេងៗ ដោយគ្រីស្តបរិស័ទបានរើអាសនៈពីព្រះវិហារទៅទីទួលដើម្បីធ្វើពិធីបុណ្យ។ ការលំបាកនេះ ញ៉ាំងឲ្យគ្រីស្តបរិស័ទសំណូមពរដល់លោកអភិបាលព្រះសហគមន៍ដើម្បីសង់វិហារថ្មី។
ព្រះសហគមន៍ខ្នាចរមាសស្ថិតនៅក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៣៣៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ព្រះសហគមន៍នេះ បច្ចុប្បន្នមានសកម្មភាពអប់រំជំនឿរាល់ថ្ងៃអាទិត្យ ចុះសួរសុខទុក្ខជនក្រីក្រនិងចាស់ជរា ផ្តល់កន្លែងស្នាក់នៅសម្រាប់សិស្សវិទ្យាល័យ ជួយឧបត្ថម្ភដល់សាលាបឋមសិក្សារបស់រដ្ឋក្នុងភូមិ និងមានកម្មវិធីសាលាមត្តេយ្យសម្រាប់អប់រំកុមារតូច។
លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង មានប្រសាសន៍ថា ការរីកចម្រើនរបស់ព្រះសហគមន៍ មានបីគឺ ទី១ វត្តមានរបស់ព្រះសហគមន៍និងគ្រីស្តបរិស័ទនៅទីនេះ មានប្រយោជន៍សម្រាប់បងប្អូននៅជុំវិញ ដោយបានបង្កើតជាសកម្មភាពមេត្តាករុណានានា។
ទី២ គឺគ្រីស្តបរិស័ទបានរួមដំណើរជាមួយបងប្អូន ទោះបីពេលខ្លះមានការលំបាកប៉ុន្តែយើងក៏មានអំណរសប្បាយ។ លោកបញ្ជាក់ថា ក្រោយសង្គ្រាមយើងបានជួបជុំគ្នាអធិដ្ឋាននៅតាមផ្ទះ ក្រោយមកមានព្រះវិហារឈើហើយពេលនេះយើងមានធ្វើអំពីថ្ម យើងមានដំណើរការរួមគ្នាម្តងបន្តិចៗ ហើយនេះនាំឲ្យព្រះសហគមន៍នៅទូទាំងប្រទេសមានមោទនភាពចំពោះព្រះសហគមន៍មួយនេះ។
និងទី៣ ទោះបីព្រះសហគមន៍ខ្នាចរមាសនេះតូចក្តី តែបានបង្កើតធនធានមនុស្សឆ្លងតាមការអប់រំនៃសកម្មភាពមេត្តាករុណារបស់ព្រះសហគមន៍ ដោយមាននិស្សិតនិងដូនជីចេញពីទីនេះទៅធ្វើការនៅកន្លែងផ្សេងៗ ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងជាប្រយោជន៍សម្រាប់ព្រះសហគមន៍នៅទូទាំងប្រទេស។
ក្នុងនោះដែរលោកអភិបាលគីគេ បានជំរុញឲ្យគ្រីស្តបរិស័ទចេះលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក ចេះសាមគ្គីគ្នា និងត្រូវមានទាំងការអប់រំទូទៅនិងអប់រំជំនឿ ដើម្បីឲ្យព្រះសហគមន៍កាន់តែរីកចម្រើន។
លោកបន្ថែមថា កិច្ចការងារដែលយើងធ្វើកំពុងមានដំណើរការបន្តិចម្តងៗ ដោយចាប់ពីតូចទៅ មានសាលាមត្តេយ្យជួយខាងសាលាបឋមសិក្សា ជួយឧបត្ថម្ភដល់យុវជនក្រីក្រអាចចូលរៀននៅតាមអនុវិទ្យាល័យនិងវិទ្យាល័យ។ លោកបញ្ជាក់ថា «យើងធ្វើតាមលទ្ធភាព។ យើងមិនត្រូវការអ្វីដែលធំដុំពេក តិចតួចតូចតាចនិងមានគុណភាព។ យើងត្រូវការព្រះសហគមន៍ដែលមានជំនឿ មានរបៀបឲ្យយើងទៅខាងមុខ ហើយខ្ញុំអរណាស់ចំពោះភាពសាមញ្ញដែលយើងមាននេះ។»
ព្រះសហគមន៍ខ្នាចរមាស បច្ចុប្បន្នមានគ្រីស្តបរិស័ទពេញវ័យចំនួន៦០នាក់ និងកុមារចំនួន៣០នាក់។ តាមលោកម៉ានុច បានប្រាប់ថា ភាគច្រើនគ្រីស្តបរិស័ទនៅទីនេះ បានធ្វើចំណាកស្រុកដើម្បីប្រកបការងារចិញ្ចឹមជីវិត ជាអ្នកស៊ីឈ្នួល និងប្រកបអាជីវកម្មខ្នាតតូច៕
ដោយកែវ កញ្ញា