ព្រះសហគមន៍កាតូលិកស្រីលង្កា ដង្ហែរក្បួនដើម្បីសច្ចភាព និងយុត្តិធម៌
គ្រីស្តបរិស័ទកាតូលិកស្រីលង្កាជាង ១០០នាក់ រួមទាំងបព្វជិត អ្នកកាន់សាសនា និងគ្រហស្ថ បានដង្ហែក្បួនដោយសន្តិវិធីនៅភាគខាងជើងប្រទេស កាលពីថ្ងៃទី៣០ ខែកក្កដា ដោយអំពាវនាវឱ្យមានសច្ចភាព យុត្តិធម៌ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ ដែលត្រូវបានកប់ដោយច្របូកច្របល់នៅចេមម៉ានី (Chemmani)។
កម្មវិធីនេះរៀបចំដោយគណៈកម្មការយុត្តិធម៌ និងសន្តិភាពនៃភូមិភាគកាតូលិកចាហ្វណា (Jaffna) ដោយបានចាប់ផ្តើមនៅរូបសំណាកសន្តជូតថាដឺ (St. Jude Thaddeus) ក្នុងភូមិអារីយ៉ាឡៃ (Ariyalai) និងបានបញ្ចប់នៅចេមម៉ានីចងសិន (Chemmani Junction) ជិតកន្លែងដែលគេកប់មនុស្សរាប់សិបនាក់។
ការដង្ហែក្បួននេះត្រូវបានដឹកនាំដោយលោកបូជាចារ្យ អេតូនីភីឡៃ អូហ្គូស្ទីន (Anthonipillai Augustine) ប្រធានគណៈកម្មការយុត្តិធម៌ និងសន្តិភាពភូមិភាគ ជាដើម។ នាឱកាសនោះ អ្នកចូលរួមបានសម្តែងសាមគ្គីភាពជាមួយក្រុមគ្រួសារដែលបន្តស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន ក្នុងអំឡុងពេលជម្លោះរាប់ទសវត្សរ៍របស់ប្រទេសស្រីលង្កា។
លោកបូជាចារ្យ អូហ្គូស្ទីន បានថ្លែងថា មនុស្សគ្រប់រូបសមនឹងទទួលបានការបញ្ចុះសពដ៏ថ្លៃថ្នូរ ដែលជាតម្លៃគ្រីស្តសាសនាជាមូលដ្ឋាន ប៉ុន្តែតម្លៃនេះនៅតែត្រូវបានបដិសេធចំពោះគ្រួសាររាប់ពាន់នាក់ ដែលមានមនុស្សជាទីស្រឡាញ់បានបាត់ខ្លួន។
អ្នករៀបចំបានដាក់ញត្តិទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយជំរុញឱ្យមានការចូលរួមពីអន្តរជាតិកាន់តែច្រើន ក្នុងការស៊ើបអង្កេតលើផ្នូរដ៏ធំនៅតំបន់ជេមម៉ានី។ ញត្តិនេះបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិដោយឯករាជ្យមួយ លើការសម្លាប់ និងការបាត់ខ្លួនដោយបង្ខំដែលទាក់ទងនឹងទីតាំងនោះ ការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះស្តង់ដារកោសល្យវិច្ច័យអន្តរជាតិក្រោមពិធីសារមីណេសូតា (Minnesota) ការធ្វើតេស្ត DNA ឯករាជ្យ ការចូលរួមដ៏មានអត្ថន័យរបស់ក្រុមគ្រួសារជនរងគ្រោះ ការការពារសាក្សី និងអ្នកការពារសិទ្ធិមនុស្ស និងវត្តមានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាដើម។
មកដល់ពេលនេះ កន្លែងបញ្ចុះសពរួមគ្នានេះ បានក្លាយជានិមិត្តរូបនៃអំពើហិង្សា និងការបាត់ខ្លួនដ៏សំខាន់បំផុតមួយរបស់ប្រទេសស្រីលង្កា ក្នុងសម័យសង្គ្រាមដែលមិនទាន់ដោះស្រាយ។ ទីតាំងនេះទទួលបានការចាប់អារម្មណ៍ពីសាធារណជនជាលើកដំបូងក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីសក្ខីកម្មរបស់ទាហានស្រីលង្កាម្នាក់ ក្នុងអំឡុងពេលសវនាការព្រហ្មទណ្ឌ។ ការជីកកកាយបានចាប់ផ្តើមនៅឆ្នាំ១៩៩៩ ដោយដំបូងឡើយបានរកឃើញសាកសពចំនួន ១៥នាក់។ ការស៊ើបអង្កេតជាបន្តបន្ទាប់បានរកឃើញសាកសពមនុស្សជាង ៤៥០នាក់ រួមទាំងសាកសពទារក កុមារ និងយុវវ័យ ដែលធ្វើឱ្យវាក្លាយជាផ្នូរដ៏ធំបំផុតដែលត្រូវបានរកឃើញនៅក្នុងប្រទេស។
