ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណាយមន្រ្តីអង្គភាពស៊ីម៉ាក់
ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណាយដ៏ថ្លៃថ្លាបំផុតរបស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះមន្រ្តីអង្គភាពស៊ីម៉ាក់ចំនួន ១ ៨៧៥ នាក់។
ពិធីនេះ បានធ្វើឡើង នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
អង្គភាពស៊ីម៉ាក់ បានបន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតនេះបានជួយសម្រាលនូវការលំបាក ក៏ដូចជាការលើកទឹកចិត្តខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់ ព្រមទាំងជំរុញឲ្យទូលព្រះបង្គំទាំងអស់គ្នាកាន់តែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យ កាន់តែខ្លាំងកា្លថែមទៀត។
មន្រ្តីនៃអង្គភាពស៊ីម៉ាក់ បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមឧទ្ទិសបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕