ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប ១៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសខួប ១៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ដោយព្រះអង្គបានចាត់ទុកព្រឹត្តិការណ៍នេះថាជា របត់ប្រវត្តិសាស្ត្រមួយក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រះរាជសារដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ដើម្បីអបអរសាទរខួបនៃការដាក់បញ្ចូលប្រាសាទនេះ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្តែងនូវព្រះរាជហឫទ័យរំភើបរីករាយជាអនេក និងបានយាងចូលរួមជាមួយជនរួមជាតិទូទាំងប្រទេស ក្នុងការប្រារព្ធពិធីអបអរសាទរឱកាសនេះ ជាមួយសម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។

ព្រះមហាក្សត្របានសរសើរការដាក់បញ្ចូលប្រាសាទព្រះវិហារនេះថា ជាទ្រព្យសម្បត្តិវប្បធម៌ជាតិផង និងជាស្ថានីយបេតិកភណ្ឌពិភពលោកផង ដោយបានកត់សម្គាល់ថា ការទទួលស្គាល់ពីអង្គការយូណេស្កូ បានរួមចំណែកដល់ការថែរក្សា និងការអភិរក្សប្រាសាទនេះ សម្រាប់ជំនាន់ក្រោយៗទៀតនៅលើទឹកដីកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានសម្តែងនូវព្រះព្រហ្មវិហារធម៌ និងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដោយទ្រង់បានរំឭកពីការលះបង់អស់មួយព្រះជន្មរបស់ព្រះអង្គ ក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ជាមួយគ្នានោះដែរ ព្រះមហាក្សត្រក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជា និងបានកោតសរសើរចំពោះការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារប្រាសាទព្រះវិហារ និងការរក្សាការពារអធិបតេយ្យភាពរបស់កម្ពុជា លើស្ថានីយបេតិកភណ្ឌពិភពលោកមួយនេះ តាមរយៈស្មារតីស្នេហាជាតិ និងការគោរពតាមច្បាប់អន្តរជាតិ។

ជាចុងក្រោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានថ្លែងអំណរគុណផងដែរដល់ រាជរដ្ឋាភិបាល, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលមានប្រទេសឥណ្ឌា និងចិន ជាសហប្រធាន ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រមួយនេះ។

 

Daily Program

Livesteam thumbnail