ព្រះមហាក្សត្រ និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ បានថ្លែងថា ៖ «ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា ដោយបានទទួលដំណឹងពីបងប្អូន កូនចៅជាយោធិន ដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានយោធិនពលី និងរបួសជា ច្រើននាក់»។
ព្រះអង្គបានបន្តថា ៖ «ខ្ញុំមានសេចក្ដីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុម គ្រួសារនៃយោធិនដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ជាមួយគ្នានេះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ក៏បានចេញព្រះរាជសារជូន ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺផងដែរ។
ព្រះមហាក្សត្រីបានលើកឡើងថា ៖ «ខ្ញុំមានហឫទ័យតក់ស្លុត ដោយបានទទួលដំណឹងដ៏រន្ធត់ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្ដាលឱ្យ មានបងប្អូន កូនចៅ ចៅទូតជាយោធិនពលី និងរបួសជាច្រើននាក់»។
ព្រះមហាក្សត្រីមានសេចក្ដីសោកស្ដាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុម គ្រួសារនៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ព្រះមហាក្សត្រី បន្តថា ៖ «ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅ ចៅទួតយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ»។
សូមរម្លឹកផងដែរថា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ បានកើតឡើង ដោយបានបណ្តាលឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសរសេលើហ្វេសប៊ុកនាយប់ថ្ងៃទី២៧ ខែមេសាដោយបានបង្ហាញក្តីរន្ធត់ ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺនេះ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។
យោងតាមរបាយការណ៍របស់កងទ័ពជើងគោក យោធភូមិភាគទី៣ បានឱ្យដឹងថា ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ បានកើតឡើងនៅវេលាម៉ោង ១៤.២៥នាទី នៅទីតាំងឃ្លាំងគ្រាប់បច្ចេកទេស យោធភូមិភាគទី៣។
របាយការណ៍បានបន្តថា ការផ្ទុះនេះបានបណ្តាលឱ្យមានការខូចខាតបឋមរួមមាន៖ មនុស្សចំនួន ២០នាក់ (អាចស្លាប់ទាំងអស់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។
ចំពោះអាវុធ-គ្រាប់មកពីខេត្តកោះកុងមាន រថយន្ត ៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាប់នៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។
ចំណែកអគារខូចខាតធ្ងន់ធ្ងរ ចំនួន ៤ខ្នង (អាវុធគ្រាប់ក្នុងឃ្លាំង៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ១ ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។ ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នងៗផងដែរ៕