ព្រះមហាក្សត្រ ត្រាស់បង្គាប់ លើកលែងទោស លោក គង់ សភា
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោសលោក គង់ សភា បន្ទាប់ពីបានសរសេរលិខិតស្នើការសុំអភ័យទោស និងសុំការអន្តរាគមន៍លើកលែងទោសពីនាយករដ្ឋមន្រ្តី។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលឡាយព្រះហស្តលេខាដោយ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
ព្រះរាជក្រឹត្យ បានបន្តថា ៖ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ»។
សូមបញ្ជាក់ថា លោក គង់ សភា អតីតំណាងរាស្ត្រអតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយកាលពីពេលថ្មីៗនេះ ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានទទួលស្គាល់កំហុស និងបានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។
លោក គង់ សភា បានលើកឡើងថា ៖ «ខ្ញុំបាទ ពិតជាមានការសោកស្ដាយ ដែលរាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបានបញ្ជាក់ទៀតថា ៖ «ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន»៕