ព្រះមហាក្សត្រស្នើស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្ដេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបាន​ស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្ដេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែ​ងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រ​ច​ង់ថែមទៀត ជូនជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។

ព្រះករុណា បាន​មានព្រះបន្ទូលដូចនេះ តាមរយៈព្រះរាជសារ​ក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤​។

​រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រក​បដោយ៍សេរី យុត្តិធម៌ ត្រឹមត្រូវ និ​ងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំ​នួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា។

ក្នុងនោះមាន​ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨ ) ដឹកនាំដោ​យលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលទទួលបានតំ​ណែងដ៏ឧត្តុង្គឧត្តមនេះ។​

រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្ដេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តអនុវត្តយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ និងគោលន​យោបាយសំខាន់ៗ។ ​

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា ៖ «ខ្ញុំព្រះករុណា ខ្ញុំសូ​មវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើ​មដែលមានស្នាដៃ និងបទពិសោធន៍ ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា»។

ព្រះអង្គបានបន្តថា ៖ «ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្ដេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេ​ចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី»​៕

អត្ថបទ៖ អមរិន្ទ ដានុត

Daily Program

Livesteam thumbnail