ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ
ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប។
ពិព័រណ៌នេះ ធ្វើឡើងដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ នេះបើយោងតាមតេឡេក្រាមរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ព្រឹត្តិការណ៍នេះ មានការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាផងដែរ ។
សម្តេចធិបតីបានបញ្ជាក់ថា ៖ «សូមលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យបានកាន់ទេច្រើនជាអតិបរមា»។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមក្នុងកម្មវិធីសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ដែលរៀបចំនៅបរិវេណខាងជើងប្រាសាទបាយ័ន។
ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ពិសេសតាមរយៈក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
សូមបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងរដ្ឋបាលខេត្តសៀមរាប និងលោក HE XIONG អភិបាលក្រុងចឹងចូវនៃខេត្តហឺណាន រួមនឹងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ១ពាន់នាក់៕