ព្រឹត្តិការណ៍នៅប៉េណាំង សម្រាប់ព្រះសហគមន៍កាតូលិកអាស៊ី បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ
ព្រឹត្តិការណ៍នេះកំណត់ធ្វើឡើងនៅថ្ងៃទី ២៧–៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដែលនឹងអញ្ជើញព្រះសហគមន៍កាតូលិកនៅអាស៊ី ឲ្យដើររួមគ្នាដោយជំនឿក្រោមប្រធានបទ “ធ្វើដំណើរជាមួយគ្នាជាប្រជាជននៃទ្វីបអាស៊ី”។
នៅពេលដ៏សំខាន់សម្រាប់ព្រះសហគមន៍កាតូលិកនៅអាស៊ី លោកអភិបាល បូជាចារ្យ បព្វជិត-ជិតា ឧបដ្ឋាក និង ថ្នាក់ដឹកនាំគ្រហស្ថ រាប់រយនាក់នឹងមកជួបជុំគ្នានៅទីក្រុងប៉េណាំង សម្រាប់បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម ដែលជាមហាសន្និបាតដ៏សំខាន់មួយ ដែលមានគោលបំណង រៀបចំរូបភាពថ្មីឡើងវិញអំពីរបៀបដែលព្រះសហគមន៍កាតូលិករស់នៅ ចែករំលែក និងអបអរសាទរព្រះគម្ពីរដំណឹងល្អចំពោះការផ្លាស់ប្តូរសង្គម និងខាងវិញ្ញាណរបស់អាស៊ី។
ការធ្វើដំណើរជាមួយគ្នាជាប្រជាជននៃទ្វីបអាស៊ី
កម្មវិធីបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យនេះ រៀបចំដោយសភាលោកអភិបាលអាស៊ី (FABC) និងរៀបចំឡើងដោយ ភូមិភាគប៉េណាំង ប្រទេសម៉ាឡេស៊ី នឹងប្រមូលសំឡេងរបស់ព្រះសហគមន៍ ដែលមានជំនឿ វប្បធម៌ និងភាសាដ៏ចម្រុះរបស់ទ្វីបអាស៊ី។ ការរស់នៅតាមព្រះគម្ពីរដំណឹងល្អនៅអាស៊ី មិនមែនជាកម្មវិធីនោះទេ ប៉ុន្តែជាបូជនីយចរ ដែលជាដំណើរនៃជំនឿ ទទួលយកភាពខុសគ្នា និងបោះជំហានទៅមុខជាមួយគ្នា។ ក្រុងប៉េណាំង អញ្ជើញព្រះសហគមន៍កាតូលិកឲ្យរស់នៅ និងចែករំលែករឿងរ៉ាវរបស់ព្រះយេស៊ូសារជាថ្មី នៅក្នុងពិភពលោកដែលបែកបាក់ ដែលងាយទំនាក់ទំនង និងស្មុគស្មាញជាងពេលណាៗទាំងអស់។
វាគ្មិនសំខាន់ៗ រួមមាន លោកកាឌីណាល់លូវីស អន់តូនីញ៉ូ តាគ្លេ (Luis Antonio Tagle) លោកកាឌីណាល់បាប្លូ វីហ្គីលីអូ (Pablo Virgilio David) លោកអភិបាលស៊ីមូន ផូ ម៉ា រ៉ាហ្វាអែល ថាតទីល (Simon Poh Mar Raphael Thattil) លោកអភិបាល គ្រីស្តូហ្វើ ផ្រូវស៍ (Christopher Prowse) លោកខូលីន ខាលមីអាណូ (Colin Calmiano) និងវាគ្មិនដ៏លេចធ្លោផ្សេងទៀត ដែលម្នាក់ៗនឹងផ្តល់ចំណេះដឹងអំពី ការស្តារឡើងវិញ ការផ្សះផ្សា និង ភាពជាសាវ័ក នៅក្នុងយុគសម័យក្រោយរោគរាតត្បាត និងក្រោយសកលភាវូបនីយកម្ម។
ប្រធានបទដែលបានជ្រើសរើសគឺ “ធ្វើដំណើរជាមួយគ្នាជាប្រជាជននៃទ្វីបអាស៊ី” ដែលដកស្រង់ចេញពីព្រះគម្ពីរដំណឹងល្អ អំពីពួកហោរាចារ្យ ដែលបានជួបព្រះឱរសយេស៊ូ ហើយបាន“ទៅតាមផ្លូវផ្សេង”។ វាបង្ហាញពីព្រះសហគមន៍កាតូលិកក្នុងរយៈពេល ២០០០ ឆ្នាំ នៅតែហ៊ានស្វែងរកផ្លូវថ្មីៗ ដោយមិនដើរតែម្នាក់ឯងនោះទេ ប៉ុន្តែដើរជាមួយប្រជាជន វប្បធម៌ និងសាសនានានានៅអាស៊ី។
ភាពពាក់ព័ន្ធទៅនឹងទ្វីបអាស៊ីបច្ចុប្បន្ន
អាស៊ីនាពេលបច្ចុប្បន្នស្ថិតនៅផ្លូវបំបែក។ វាជាផ្ទះរបស់យុវជនដ៏ធំបំផុតរបស់ពិភពលោក និងជាទីក្រុងដែលរីកលូតលាស់លឿនបំផុត ប៉ុន្តែវាក៏មាន វិសមភាពកាន់តែរីកធំ វិបត្តិបរិស្ថាន និងភាពបែកបាក់ខាងសាសនាផងដែរ។ នៅទូទាំងតំបន់ គ្រីស្តបរិស័ទកាតូលិក បង្កើតបានជាជនជាតិភាគតិចតូចមួយ ដែលតែងតែរស់នៅតាមជំនឿរបស់ពួកគេដោយស្ងៀមស្ងាត់នៅក្នុងបរិយាកាសពហុសាសនា ប៉ុន្តែសក្ខីភាពរបស់ពួកគេនៅតែជា ការបម្រើ ក្តីមេត្តា និងការកសាងសន្តិភាព។
នៅក្នុងបរិយាកាសបែបនេះ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមនឹងមកដល់ មិនមែនជាសន្និសីទនៃគំនិតនោះទេ ប៉ុន្តែជាចលនានៃការស្តារឡើងវិញ ដែលឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ អំពីសន្និបាតព្រះសហគមន៍កាតូលិក (Synod)៖ ការស្តាប់ ការពិចារណា និង ការធ្វើដំណើរជាមួយគ្នា។ វាបានរកឃើញ “ការសន្ទនាត្រីភាគី” ឡើងវិញ ដែលត្រូវបានលើកឡើងដំបូងដោយសភាលោកអភិបាលអាស៊ីអំពី ការសន្ទនាជាមួយជនក្រីក្រ ជាមួយវប្បធម៌ និងជាមួយសាសនា។
ខណៈពេលដែលសង្គមនានានៅទូទាំងទ្វីបអាស៊ីប្រឈមមុខនឹងបច្ចេកវិទ្យា ការធ្វើចំណាកស្រុក និង ភាពមិនប្រាកដប្រជាខាងសីលធម៌ ភារកិច្ចរបស់ព្រះសហគមន៍កាតូលិក គឺត្រូវបន្តជាដៃគូដែលគួរឲ្យទុកចិត្តមួយ គឺថា ព្រះសហគមន៍កាតូលិកដែលស្តាប់មុននឹងអធិប្បាយ បម្រើមុននឹងបង្រៀន និង ដើរដោយភាពរាបសារជាមួយប្រជាជនទាំងអស់។
ព្រឹត្តិការណ៍នៅប៉េណាំង សម្រាប់ព្រះសហគមន៍កាតូលិកអាស៊ី
ប៉េណាំង ដែលត្រូវបានគេស្គាល់ថា ស្មារតីពហុវប្បធម៌ និង ការរួមរស់ដោយសុខដុមរមនានៃជំនឿ ផ្តល់នូវទីកន្លែងដែលជានិមិត្តរូប។ ព្រះវិហារចាស់ៗ ព្រះវិហារឥស្លាម និងប្រាសាទនានារបស់វា ឈរទល់មុខគ្នា ជាសក្ខីភាពរស់ ដល់ប្រវត្តិកិច្ចសន្ទនាដ៏សម្បូរបែប។ នៅពីក្រោយ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម ក្លាយជាការឆ្លុះបញ្ចាំង និងជាផែនទីបង្ហាញផ្លូវ ដែលជាឱកាសសម្រាប់ព្រះសហគមន៍កាតូលិកអាស៊ី ដើម្បីអធិស្ឋាន និង រៀបចំផែនការសម្រាប់ផ្លូវខាងមុខ។
ដោយទន្ទឹងរង់ចាំឆ្នាំមហាករុណាទិគុណ២០៣៣ ដែលនឹងសម្គាល់ខួប ២០០០ ឆ្នាំ ចាប់តាំងពីពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ការជួបជុំនេះ អញ្ជើញប្រជាជនដែលមានជំនឿទាំងអស់ ឲ្យដើរជាមួយគ្នាដោយក្តីសង្ឃឹម ដើម្បីស្តារមុខមាត់របស់ព្រះសហគមន៍កាតូលិកអាស៊ី និងរកឃើញអំណរនៃព្រះគម្ពីរដំណឹងល្អឡើងវិញនៅក្នុងភាសា តន្ត្រី និងរឿងរ៉ាវនៃទ្វីបនេះ។
សម្រាប់តំបន់មួយដែលមានភាពផ្ទុយគ្នា រវាងភាពសម្បូរបែបនិងភាពខ្វះខាត ជំនឿនិងការសង្ស័យ ក្តីសង្ឃឹមនិងទុក្ខព្រួយនោះ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹម អាចនឹងបង្ហាញពីចំណុចរបត់មួយ គឺរំឭកយើងថា នៅក្នុងបេះដូងនៃទ្វីបអាស៊ី ព្រះបន្ទូលដំណឹងល្អរបស់ព្រះគ្រីស្ត មិនបន្តរស់ដើម្បីបញ្ជា ប៉ុន្តែដោយប្រោសក្តីមេត្តា មិនមែនឱ្យត្រឡប់ក្រោយទេ ប៉ុន្តែឱ្យ“ទៅតាមផ្លូវផ្សេង”៕