សមាជិកសន្និបាតព្រះសហគមន៍អាស៊ី ត្រូវបានជំរុញឱ្យផ្តល់ការគាំទ្រដល់ព្រះសហគមន៍តាមបែបជាក់ស្តែង
ក្រុមសមាជិកនៃសន្និបាតព្រះសហគមន៍កាតូលិកអាស៊ី ត្រូវបានលើកទឹកចិត្តឱ្យជួយភូមិភាគនានាដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់នៅតាមព្រះសហគមន៍នីមួយៗ តាមរយៈវិធីសាស្ត្រ និងដំណោះស្រាយផ្ទាល់ៗ ជាជាងទុកវាចោល ហើយយកមកធ្វើជាបន្ទុកការងារសម្រាប់អ្នកដទៃ។
នេះគឺជាខ្លឹមសារដែលសមាជិកនៃព្រះសហគមន៍កាតូលិក ដែលបានចូលរួមសន្និបាតព្រះសហគមន៍អាស៊ី បានលើកឡើងនៅថ្ងៃទី២ ខែកញ្ញា ក្នុងអំឡុងពេលពិភាក្សាអំពីការពង្រឹងការចូលរួមរបស់ព្រះសហគមន៍ក្នុងការប្រកាសដំណឹងល្អ។
នាឱកាសនោះ លោកបូជាចារ្យ វីម៉ាល ធីរីម៉ាណា (Vimal Tirimanna) មកពីប្រទេសស្រីលង្កា ដែលជាសមាជិកនៃគណៈកម្មការសម្រាប់សមាគមសាសនា បានលើកទឹកចិត្តឱ្យអ្នកចូលរួមឆ្លុះបញ្ចាំងលើសំណួរមួយចំនួន ពាក់ព័ន្ធនឹងកិច្ចការជាក់ស្តែងដែលក្រុមការងារនៅតាមគណៈកម្មការនានាក្នុងព្រះសហគមន៍នៅអាស៊ីអាចធ្វើបានក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីពង្រឹងការចូលរួមរបស់ព្រះសហគមន៍ជាមួយលោកអភិបាល បព្វជិត និងក្រុមប្រឹក្សាព្រះសហគមន៍នានា។
ការពិភាក្សានេះបានសង្កត់ធ្ងន់ថា គ្រីស្តបរិស័ទគួរតែផ្លាស់ប្តូរពីការរៀបចំកិច្ចប្រជុំ និងសំណើ មកជាការអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ភូមិភាគ និងព្រះសហគមន៍កាតូលិក ដោយជួយព្រះសហគមន៍ក្នុងតំបន់ស្វែងរកវិធីសាស្ត្រជាក់ស្តែង ដើម្បីសហការគ្នាបំពេញការងារសង្គម និងសាសនាឱ្យកាន់តែប្រសើរ។
នាឱកាសនោះ អ្នកចូលរួមម្នាក់បានកត់សម្គាល់ថា នៅក្នុងព្រះសហគមន៍មានបូជាចារ្យជាច្រើនត្រូវបានបណ្តុះបណ្តាលឱ្យផ្តោតលើការបំពេញភារកិច្ច និងយកចិត្តទុកដាក់ចំពោះដំណើរការសម្រេចចិត្តរួមគ្នាជាមួយសមាជិកព្រះសហគមន៍ ដើម្បីនាំគ្នាចូលរួមដោះស្រាយកង្វល់នានាដែលកើតមាន។ លោកបានណែនាំថា សិក្ខាសាលា តែបញ្ចូលការបង្កើតសមាគមបូជាចារ្យទៅក្នុងការរៀបចំអប់រំទូន្មានដល់បូជាចារ្យ ដើម្បីឱ្យបូជាចារ្យនាពេលអនាគតយល់ដឹងតាំងពីដំបូងថា ព្រះសហគមន៍គឺជាសហគមន៍មួយដែលអ្នកទទួលអគ្គសញ្ញាជ្រមុជទឹកទាំងអស់មានតួនាទីជួយចែករំលែកការងារគ្នា។
លោកបូជាចារ្យក៏បានរំលឹកផងដែរថា មហាសន្និបាតវ៉ាទីកង់ទីពីរបានបង្ហាញថា គ្រីស្តបរិស័ទគឺជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់រួចទៅហើយ ប៉ុន្តែលោកបានបញ្ជាក់ថា ចក្ខុវិស័យនេះមិនទាន់ត្រូវបានបញ្ចូលនិងអនុវត្តគ្រប់គ្រាន់នៅឡើយទេ៕
