សិស្សមធ្យមសិក្សាវិទ្យាល័យចំណេះទូទៅ សន្តហ្វ្រង់ស្វ័រជាប់១០០%
សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យចំណេះទូទៅ សន្តហ្វ្រង់ស្វ័រ ដែលបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ ១០០ភាគរយ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នាសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។
បើតាមប្រសាសន៍របស់លោក ប៊ិច វិបុល ជានាយកសាលាសន្តហ្វ្រង់ស្វ័រ បានរៀបរាប់ឲ្យដឹងថា៖ ឆ្នាំបញ្ចប់ការសិក្សានេះ ក្នុងចំណោមសិស្សសរុប ៣៨នាក់ មានសិស្សទទួលបាននិទ្ទេសAចំនួន៣នាក់ ស្រី១នាក់ និទ្ទេសBចំនួន១០នាក់ ស្រី៨នាក់ និទ្ទេសCចំនួន១៣នាក់ស្រី១១នាក់ និទ្ទេសDចំនួន៩នាក់ ស្រី៦នាក់ និងនិទ្ទេសEចំនួន៣នាក់ស្រី១នាក់។
លោកនាយកវិបុលបន្តថា ចំណុចខ្លាំងដែលជំរុញឲ្យសិស្សទទួលបានលទ្ធផលល្អមានការបែងចែកជា ៤ផ្នែកសំខាន់ៗ៖
ទី១ គឺភាគីសាលាបានផ្តោតសំខាន់លើការគ្រប់គ្រង និងបែងចែកភារកិច្ចគ្រូបង្រៀនតាមជំនាញ ក៏ដូចជាការអភិវឌ្ឍគុណវុឌ្ឍិ ព្រមទាំងការលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ។ ម្យ៉ាងវិញទៀត សាលាបានចាត់វិធានការដឹកនាំ និងត្រួតពិនិត្យការបង្រៀនតាមរយៈការណែនាំបច្ចេកទេស ការធ្វើអធិការកិច្ចប្រចាំ ការតាមដានកិច្ចតែងការ និងការផ្គត់ផ្គង់សម្ភារៈសិក្សាគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ សាលាក៏បានរៀបចំការប្រឡងប្រចាំខែ ឆមាស និងការប្រឡងសាកល្បងថ្នាក់ជាតិ ព្រមទាំងមានការបំប៉នសិស្សតាមកម្រិតសមត្ថភាព ដោយបង្កើតក្លឹបដាច់ដោយឡែកសម្រាប់សិស្សពូកែ និងសិស្សខ្សោយ រួមទាំងការរៀបចំបញ្ជីបំប៉នសិស្សត្រៀមយកនិទ្ទេស A ចាប់ពីថ្នាក់ទី១១ ផងដែរ។
ទី២ គឺភាគីគ្រូបង្រៀនបានអនុវត្តតួនាទីយ៉ាងសកម្មតាមរយៈការរៀបចំកម្មវិធីសិក្សានិងកិច្ចតែងការបង្រៀនបានត្រឹមត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ក្រមសីលធម៌ វិន័យម៉ោងសិក្សា និងវិធីសាស្ត្របង្រៀនយកសិស្សជាមជ្ឈមណ្ឌល។ គ្រូក៏បានយកចិត្តទុកដាក់ស្គាល់ពីសមត្ថភាពសិស្សម្នាក់ៗ ដើម្បីដាក់កិច្ចការតាមកម្រិត លើកទឹកចិត្តសិស្សពូកែ និងជួយសិស្សខ្សោយ ព្រមទាំងខិតខំស្រាវជ្រាវអភិវឌ្ឍខ្លួនឯង ដកស្រង់វិញ្ញាសាស្តង់ដារជាតិ និងតាក់តែងការប្រឡងប្រចាំខែ-ឆមាសដោយយុត្តិធម៌។ ជាងនេះទៅទៀត គ្រូបង្រៀនក៏ត្រូវបណ្តុះស្មារតីឲ្យសិស្សស្រឡាញ់ការសិក្សា រៀបចំក្រុមសិស្សពូកែត្រៀមនិទ្ទេស A និងណែនាំពីវិធីសាស្ត្រព្រមទាំងឯកសារស្រាវជ្រាវសំខាន់ៗដើម្បីត្រៀមប្រឡងផងដែរ។
ទី៣ គឺភាគីសិស្សានុសិស្ស៖ ត្រូវទៅរៀនឲ្យបានទៀងទាត់, យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រស្តាប់ការពន្យល់ណែនាំរបស់គ្រូ និងខិតខំធ្វើកិច្ចការដែលគ្រូដាក់ឲ្យដោយក្លាហាន ហ៊ានសួរ ហ៊ានឆ្លើយជាមួយគ្រូ ព្យាយាមធ្វើលំហាត់ អាន និងស្តាប់ឲ្យបានច្រើនព្រមទាំងកត់ត្រាចំណុចសំខាន់ៗទុកមើល ចេះសង្ខេបមេរៀនឬរូបមន្តសំខាន់ៗនិងព្យាយាមរំលឹកមេរៀនចាស់កុំឲ្យភ្លេច និងស្រាវជ្រាវរកវិញ្ញាសាដែលធ្លាប់ចេញប្រឡងរួចយកមកដោះស្រាយឲ្យបានច្រើន។
និងទី៤ ជាភាគីអ្នកអាណាព្យាបាល គឺជំរុញនិងលើកទឹកចិត្តឲ្យកូនខិតខំរៀនសូត្រ ផ្គត់ផ្គង់សម្ភារៈនិងថវិកាសម្រាប់កូនរៀនសូត្រឲ្យបានសមស្រប និងសហការយ៉ាងជិតស្និទ្ធជាមួយសាលាក្នុងសកម្មភាពសិក្សារៀនសូត្ររបស់កូន។
លោកនាយក ប៉ិច វិបុល បានបញ្ជាក់បន្ថែមពីគម្រោងការសម្រាប់ឆ្នាំក្រោយថា «សាលានឹងខិតខំប្រឹងប្រែងជំរុញឲ្យលទ្ធផលប្រឡងនៅឆ្នាំក្រោយកាន់តែល្អប្រសើរជាងឆ្នាំនេះ ពោលគឺជាប់ ១០០ភាគរយ និងទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំនេះ។»
វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលារបស់ព្រះសហគមន៍កាតូលិកស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយលោកបូជាចារ្យអូលីវីយ៉េ ជ្មិតហស្លេ បច្ចុប្បន្នជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ដោយ ឆាក លាំង
