ផ្លូវថ្នល់កាន់តែល្អប្រសើរជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងការចំណាយលើការដឹកជញ្ជូន ព្រមទាំងជំរុញការវិនិយោគ និងកំណើនសេដ្ឋកិច្ច។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ដែលបានស្តារ និងលើកកម្រិតគុណភាព ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម នាថ្ងៃអង្គារនេះ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ផ្លូវដែលត្រូវបានពង្រីកជា ៤ គន្លងថ្មីនេះ ជួយឱ្យការធ្វើដំណើរកាន់តែលឿន មានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន។
សម្តេចបានកត់សម្គាល់ថា ផ្លូវដែលបានកែលម្អនេះ ក៏ជួយកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផល តាមរយៈការកាត់បន្ថយពេលវេលាធ្វើដំណើរ ដែលជួយសន្សំសំចៃប្រេងឥន្ធនៈ កាត់បន្ថយការសឹកសឹករថយន្ត និងកាត់បន្ថយការចំណាយលើភស្តុភារកម្ម (ឡូជីស្ទីក) សរុប។
សម្តេចធិបតី បានបន្ថែមថា ក្រៅពីការបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ផ្លូវដែលបានលើកកម្រិតគុណភាពនេះ រំពឹងថានឹងទាក់ទាញការវិនិយោគបន្ថែមទៀតលើវិស័យឧស្សាហកម្ម រួមមាន រោងចក្រ សហគ្រាសផលិត និងគ្រឹះស្ថានពាណិជ្ជកម្មនានា នៅតាមបណ្តោយខ្សែផ្លូវនេះ ដោយសារតែការតភ្ជាប់មានភាពល្អប្រសើរឡើង។