ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិ យោធិនពលីទាំង ២០នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣
សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈបណ្តាញហ្វេសប៊ុកនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ដែលបានស្លាប់ក្នុងករណីផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ។
សម្តេចធិបតីបានលើកឡើងថា ៖ «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេនតពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា ៖ «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់»។
កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ យុវជន ជាសំណាង រស្មីសត្យា អាយុ២៣ឆ្នាំ ដែលជាកូនប្រុសរបស់យោធិនរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ បានសរសេរលើហ្វេសប៊ុកថា ខ្លួនបញ្ចប់ការសិក្សាចប់ថ្នាក់ទី១២ (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) បច្ចុប្បន្នមិនមានការងារអ្វីទេ សុខភាពល្អធម្មតា ដែលត្រូវជាកូនច្បងលោក ជា សំណាង។
យុវជនរូបនេះបានលើកឡើងថា ៖ « សូមគោរពដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាទីគោរព ខ្ញុំបាទមានបំណងបន្តវេនពីឪពុកចូលបម្រើការងារយោធានៅខេត្តកោះកុងបន្ដទៀត ដើម្បីបានប្រាក់ខែចិញ្ចឹមម្ដាយ ប្អូនៗនិងជីដូនចាស់ជរា ព្រោះសព្វថ្ងៃក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូមសម្ដេច ហ៊ុន ម៉ាណែត សម្ដេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង»។
បន្ទាប់ពីសម្តេចធិបតីបានប្រកាសផ្តល់ក្របខ័ណ្ឌនេះ យុវជន ជាសំណាង រស្មីសត្យា បានបង្ហោះសារតាមហ្វេសប៊ុក នាថ្ងៃទី៦ ខែឧសភានេះដែរថា ៖ «ពិតជាមានសេចក្ដីរំភើបជាខ្លាំងពេលដែលបានឃើញសារបង្ហោះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ»។
សូមរម្លឹកផងដែរថា យ៉ាងហោចណាស់ យោធិនចំនួន២០នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ហើយអគារកងទ័ពនិងផ្ទះសម្បែងប្រជាពលរដ្ឋជិត ១០០ ខ្នងក៏រងការខូចខាត ដោយសារការផ្ទុះឃ្លាំងស្តុកគ្រាប់នៅបន្ទាយយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២និង២៥នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕