ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានសាកល្បងលើបញ្ញាសិប្បនិម្មិត
មហាសន្និបាតរយៈពេលពីរថ្ងៃនៃសហភាពផ្សព្វផ្សាយអឺរ៉ុប ដែលរៀបចំនៅទីក្រុង លីម៉ាសូល ( Limassol) នៃ កោះស៊ីប ដោយរួមទាំងវ៉ាទីកង់ញូវ បានរួមគ្នាពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយសេវាសាធារណៈក្នុងបរិបទនៃ នៃការកើនឡើងការប្រើប្រាសើបញ្ញាសិប្បនិម្មិតលើពិភពទំនាក់ទំនង។
វ៉ាទីកង់ញូវបានរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយសេវាសាធារណៈត្រូវបានហៅឱ្យដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការការពារប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងសម័យកាលដែលកំណត់ដោយការបែងចែកយ៉ាងរឹងមាំទាំងក្នុងនយោបាយ និងសង្គម។
សន្និបាតដែលបើកជាផ្លូវការដោយប្រធានាធិបតីនៃកោះស៊ីប គឺលោក នីកូស គ្រីស្តូឌូលីត ( Nikos Christodoulides )បានផ្តោតលើផលប៉ះពាល់ នៃបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យព័ត៌មាន និងលើវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រមទាំងប្រតិបត្តិករទំនាក់ទំនងនានា។
នាឱកាសនោះ លោក ណូអែល គូរ៉ាន ( Noel Curran)ជាអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយមួយរូប បានគូសបញ្ជាក់អំពីតម្រូវការដើម្បីធ្វើបច្ចុប្បន្នភាពលើដំណើរការផ្លាស់ប្តូរបច្ចេកវិទ្យា។ ដូច្នេះហើយ លោកបានសង្កេតឃើញថា មនុស្សជាតិ ត្រូវទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីនេះ ទន្ទឹមនឹងនោះ វាជារឿងបន្ទាន់ក្នុងការការពារតម្លៃនៃព័ត៌មាន ដែលចាប់ផ្តើមពីការស្វែងរកការពិត ដែលអាចគំរាមកំហែងដោយគ្រោះថ្នាក់ដោយការប្រើប្រាស់ បញ្ញាសិប្បនិម្មិត។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ របាយការណ៍ស្តីពីភាពជឿជាក់នៃអ្នកសារព័ត៌មានក្នុងសម័យ AI ត្រូវបានបង្ហាញ។
ឯកសារនេះបញ្ជាក់ជាថ្មីថា សារព័ត៌មានមានភារកិច្ចដែលមិនអាចជំនួសបានក្នុងការប្រាប់ពីការពិត និងរឿងរ៉ាវរបស់មនុស្ស និងសហគមន៍។
អ្នកចូលរួមក៏បានពិភាក្សាអំពីបញ្ហាឯកជនភាព និងមូលដ្ឋានទិន្នន័យ ដែលសព្វថ្ងៃនេះច្រើនជាងពេលណាៗទាំងអស់ អាចតំណាងឱ្យហានិភ័យដល់សេរីភាពរបស់មនុស្ស ប្រសិនបើការប្រើប្រាស់ត្រឹមត្រូវ និងបទប្បញ្ញត្តិរបស់ពួកគេមិនត្រូវបានធានា៕