ប្រធាន FABC ថ្លែងអំណរគុណដល់លោកកាឌីណាល់ តាគ្លេ ដែល​បាន​ណែនាំសំណាក់ធម៌នៅក្នុងមហាសន្និបាតពេញអង្គ

លោកកាឌីណាល់ ហ្វ៊ីលីប នេរី ហ្វើរ៉ាវ  (Filipe Neri Ferrão) ប្រធានសភាលោកអភិបាលកាតូលិកអាស៊ី (FABC) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកកាឌីណាល់ លូវីស អន់តូនីញ៉ូ ជី. តាគ្លេ (Luis Antonio G. Tagle) ចំពោះការដឹកនាំ "អធិស្ឋាន និងរិះគិត​ផ្លូវវិញ្ញាណ" នៅថ្ងៃទី ២២ ខែកក្កដា ក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គ FABC លើកទី ១២ នៅសណ្ឋាគារ Mulia ទីក្រុងហ្សាការតា។

លោកកាឌីណាល់ ហ្វើរ៉ាវ  បានកត់សម្គាល់ថា ពិធី​សំណាក់ធម៌នេះបាន​តម្រង់ទិសខាងវិញ្ញាណដ៏សំខាន់សម្រាប់ការងារបន្តនៃមហាសន្និបាត ដោយលោកបានថ្លែងថា៖

«ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ កាឌីណាល់ តាគ្លេ បាននៅជាមួយយើងក្នុងនាមជាបងប្អូនម្នាក់ ហើយបានដឹកនាំ និងសម្របសម្រួលអធិស្ឋាន និងរិះគិត​តាមផ្លូវវិញ្ញាណនេះ ដោយបានដាក់យើងឱ្យស្ថិតក្នុងស្ថានភាពផ្លូវចិត្តដ៏ត្រឹមត្រូវ និង​តម្រង់ទិសដ៏សមរម្យដើម្បីបន្តដំណើរនៃមហាសន្និបាតពេញអង្គនេះ។»

ដោយផ្តោតលើការក្លាយជា "ស្ពាននៃបេសកកម្ម និងជាអ្នក​កសាងស្ពាននៅអាស៊ី" លោកកាឌីណាល់ តាគ្លេ បានជំរុញឱ្យអ្នកចូលរួមប្រកាន់យក "ភ្នែករបស់ព្រះយេស៊ូ" ដើម្បីមើលអ្នកដទៃដោយក្តីសង្ឃឹម ជំនួសឱ្យការគិត​អវិជ្ជមាន។ ដោយទទួលស្គាល់នូវសារនេះ លោកកាឌីណាល់ ហ្វើរ៉ាវ បានមានប្រសាសន៍ថា៖

«លោកបានធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការជួបប្រទះ និងការទទួលបទពិសោធន៍ជាមួយព្រះយេស៊ូ។ ប្រសិនបើយើងចង់ក្លាយជាស្ពាន និងជាអ្នកកសាងស្ពាន យើងត្រូវការទស្សនវិស័យរបស់ព្រះយេស៊ូ និងសមត្ថភាពក្នុងការមើលឃើញនូវអ្វីៗដ៏អស្ចារ្យដែលព្រះកំពុងធ្វើនៅក្នុងជីវិតរបស់យើង នៅក្នុងព្រះសហគមន៍​ និងនៅក្នុងសង្គម។»

លោក​បន្តថា «ការចែករំលែករបស់លោកបានប៉ះពាល់បេះដូងយើង ផ្តល់ការបំផុសគំនិតដល់យើង និងធ្វើឱ្យយើងភ្លឺស្វាង។»

ដោយគូសបញ្ជាក់ពីការចូលរួមមហាសន្និបាតពេញអង្គ FABC លើកទី ៧ របស់លោកកាឌីណាល់ តាគ្លេ លោកកាឌីណាល់ ហ្វើរ៉ាវ  បានអះអាងថា "លោកគឺជាផ្នែកមួយនៃ FABC" ហើយបានបន្ថែមនូវសំណើពិសេសសម្រាប់កិច្ចបម្រើរបស់លោកនៅទីក្រុងរ៉ូមថា៖

«ដោយសារលោកនៅជិតសម្តេចប៉ាបដោយផ្ទាល់ សូមជួយនាំយកនូវភក្តីភាព និងការអធិស្ឋានយ៉ាងមុតមាំរបស់យើងខ្ញុំ ទៅក្រាបថ្វាយបង្គំសម្តេចប៉ាប ឡេអូ ផង។»

លោកកាឌីណាល់ ហ្វើរ៉ាវ  ក៏បានស្វាគមន៍ និងថ្លែងអំណរគុណដល់លោកកាឌីណាល់ដែលជាភ្ញៀវតំណាងឱ្យតំបន់អាហ្វ្រិក (SECAM) និងអាមេរិកឡាទីន (CELAM) ព្រមទាំងបានសម្តែងការអរគុណដល់គណៈកម្មការពិធី​បុណ្យ ក្រុមបព្វជិត-ជិតា ក្រុមបូជាចារ្យ និងក្រុមចម្រៀងកុមារមកពីកុមារកំព្រា Prima Unggul សម្រាប់ការរួមចំណែកបង្កើតបរិយាកាសអធិស្ឋានយ៉ាងជ្រាលជ្រៅពេញមួយកម្មវិធី៕

 

Daily Program

Livesteam thumbnail