ប្រធានាធិបតីបារាំង កោតសរសើរតួនាទីរបស់កម្ពុជាក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងពិភពហ្វ្រង់កូហ្វូនី
ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង បានកោតសរសើរតួនាទីរបស់កម្ពុជាក្នុងការនាំយកសហគមន៍ហ្វ្រង់កូហ្វូនីត្រឡប់មកទ្វីបអាស៊ីវិញ ដោយពណ៌នាថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាការបង្ហាញពីលក្ខណៈសកលនៃសហគមន៍នេះ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិភាព។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ឯកឧត្តម Emmanuel Macron ប្រធាននៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូហ្វ្រង់កូហ្វូនី។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «ជិត ៣០ ឆ្នាំក្រោយកិច្ចប្រជុំកំពូលទីក្រុងហាណូយ ហ្វ្រង់កូហ្វូនីបានវិលត្រឡប់មកទ្វីបអាស៊ីវិញហើយ» ដោយសង្កត់ធ្ងន់ថា សហគមន៍ហ្វ្រង់កូហ្វូនីមិនមែនជារបស់ផ្តាច់មុខនៃប្រទេស ឬទ្វីបណាមួយឡើយ ប៉ុន្តែតំណាងឱ្យលំហសកលមួយដែលប្រមូលផ្តុំបណ្តាប្រទេសដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណចម្រុះ។
លោកប្រធានាធិបតីបារាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលយកតំណែងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីរបស់កម្ពុជាបន្តពីប្រទេសបារាំង ដោយពណ៌នាថា ការផ្ទេរតំណែងនេះមិនមែនគ្រាន់តែជាអន្តរកាលនៃស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃនិរន្តរភាព និងភាពរស់រវើកនៃអង្គការមួយដែលមានសមត្ថភាពធ្វើឱ្យខ្លួនឯងមានភាពស្រស់ថ្លាឡើងវិញ។
ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលភារកិច្ចនេះនៅក្នុងពេលវេលាមួយដែលពិភពលោកកាន់តែត្រូវការកិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិសេសចំពេលដែលបញ្ហាប្រឈម និងវិបត្តិសកលកំពុងកើនឡើង។
លោកប្រធានាធិបតីបានកត់សម្គាល់ថា កម្ពុជាបានដាក់កិច្ចប្រជុំកំពូលនេះក្រោមមូលបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាក្នុងការពង្រឹងកិច្ចសន្ទនា និងលើកកម្ពស់សន្តិភាពនៅក្នុងបរិយាកាសអន្តរជាតិដែលកាន់តែមានភាពស្មុគស្មាញ។
ឯកឧត្តម Emmanuel Macron បានសម្តែងទំនុកចិត្តថា កម្ពុជានឹងនាំយកសេចក្តីប្រាថ្នារួមនៃសហគមន៍ហ្វ្រង់កូហ្វូនីឆ្ពោះទៅមុខ តាមរយៈសំឡេងដ៏ពិសេសរបស់ខ្លួន និងការប្តេជ្ញាចិត្តចំពោះកិច្ចសន្ទនា សកម្មភាព និងសន្តិភាព។
មេដឹកនាំបារាំងរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា បណ្តាប្រទេសនានាអាចរក្សាភាពខុសគ្នារបស់ខ្លួនដោយមិនបែកបាក់ ការពារអត្តសញ្ញាណរបស់ខ្លួនដោយមិនប្រឆាំងនឹងអ្នកដទៃ និងចែករំលែកភាសារួមមួយដោយមិនបោះបង់ចោលភាពសម្បូរបែបនៃភាសាដទៃទៀតឡើយ។
ឯកឧត្តមបានថ្លែងថា៖ «នេះគឺជាសារនៃសន្តិភាព ទំនុកចិត្ត ភាពបើកចំហ និងក្តីសង្ឃឹម»។
លោកប្រធានាធិបតីបានបញ្ជាក់សាជាថ្មីបន្ថែមទៀតនូវការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសបារាំងចំពោះហ្វ្រង់កូហ្វូនី តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ស្ថាប័នវប្បធម៌ ភាពជាដៃគូរវាងសាកលវិទ្យាល័យ និងគំនិតផ្តួចផ្តើមនានាដែលលើកកម្ពស់ភាសាបារាំង និងការតភ្ជាប់កាន់តែជិតស្និទ្ធក្នុងចំណោមប្រទេសជាសមាជិក។
ក្នុងពេលជាមួយគ្នានេះ ឯកឧត្តម Emmanuel Macron បានចាត់ទុកការផ្ទេរតំណែងជាប្រធានកិច្ចប្រជុំកំពូលមកឱ្យកម្ពុជា ថាជាការសម្តែងនូវការដឹងគុណចំពោះសមិទ្ធផលដែលសម្រេចបានរួមគ្នា ទំនុកចិត្តលើភាពជាអ្នកដឹកនាំរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តគាំទ្រគម្រោងរួមនានា។
លោកប្រធានាធិបតីបារាំងបានមានប្រសាសន៍ថា៖ «យើងមានមោទនភាពក្នុងការផ្ទេរតំណែងជាប្រធាននេះ ទៅឱ្យប្រទេសមួយដែលនឹងនាំយកមហិច្ឆតារួមរបស់យើងឆ្ពោះទៅមុខ និងធ្វើឱ្យហ្វ្រង់កូហ្វូនីមានភាពរស់រវើកលើគ្រប់ទិដ្ឋភាពទាំងអស់»។
