ប្រជាពលរដ្ឋកម្ពុជាអាចទាញយកប្រយោជន៍ពីព្រែកជីហ្វូណន-តេជោបានគ្រប់លក្ខខណ្ឌ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយ គម្រោងព្រែកជីក ហ្វូណន-តេជោ អាចទាញយកប្រយោជន៍គ្រប់បែបយ៉ាង ទាំងការនេសាទត្រី ប្រើប្រាស់ទឹកដោយគ្មានលក្ខខណ្ឌ ពីព្រែកជីកមួយនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែឧសភានេះ លោកស៊ុន ចាន់ថុល បានបញ្ជាក់ជំហរពីការផ្តល់នូវផលប្រយោជន៍គ្រប់បែបយ៉ាងពីគម្រោងព្រែកជីក ហ្វូណន-តេជោ ជូនចំពោះជាតិកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា ៖«ប្រជាពលរដ្ឋអាចប្រើប្រាស់ទឹក ស្ទូចត្រី នេសាទត្រី នៅព្រែកជីកហ្វូណន-តេជោ បានដោយគ្មានលក្ខខណ្ឌ ដែលរាជរដ្ឋាភិបាលបានបញ្ជាក់ហើយ ជាមួយនិងក្រុមហ៊ុនដែលទទួលសិទ្ធក្នុងការសាងសង់នេះ»។

លោក ស៊ុន ចាន់ថុល បន្តថា ផ្អែកតាមកិច្ចព្រមព្រៀងតំបន់ទន្លេមេគង្គ ឆ្នាំ១៩៩៥ បានចែងថា ចាំដល់ពេលគម្រោងសាងសង់រួច ទើបប្រទេសជាហត្ថលេខីអាចមកត្រួតពិនិត្យដោយផ្ទាល់បាន ប៉ុន្តែមុនសាងសង់ដូច្នេះ គឺពួកគេគ្មានសិទ្ធិមកជជែក សុំពន្យារពេល ឬជំទាស់នោះឡើយ ពីព្រោះគម្រោងព្រែកជីកហ្វ៊ូណន-តេជោនេះគ្រាន់តែធ្វើនៅនឹងដៃទន្លេប៉ុណ្ណោះ ម្យ៉ាងទីតាំងតាមបណ្ដោយគម្រោងនោះក៏ជាព្រែកចាស់ដែលមានស្រាប់ហើយ គ្រាន់តែស្ដារនិងពង្រីកបន្ថែមប៉ុណ្ណោះ។

គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ជូនកម្ពុជា។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង​អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា​ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ​របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន​ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។

គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បី​បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក​រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕

 

 

 

 

Daily Program

Livesteam thumbnail