បេសកជនវ៉ាទីកង់៖ ពិភពលោកសូមទូលអង្វរព្រះជាម្ចាស់រឿងសន្តិភាព
ក្រោយពីបញ្ចប់បេសកកម្មនៅដែនដីពិសិដ្ឋតបតាមការស្នើសុំរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ លោកកាឌីណាល់ ខុនរ៉ាត ក្រាជូវស្គី (Konrad Krajewski) បានមានប្រសាសន៍ថា យើងទាំងអស់គ្នាសូមបន្តទូលអង្វរព្រះជាម្ចាស់ដើម្បីឲ្យទ្រង់បង្ហាញនូវផ្លូវដែលនឹងអាចធ្វើដំណើរទៅរកសន្តិភាព ។
លោកបានចែករំលែកថា ទីណាដែលមានសង្រ្គាមគឺទុក្ខវេទនា និងសេចក្តីសោកសង្រេងគឺមាននៅទីនោះ។
លោកបានបន្តទៀតថា ៖ «ខ្ញុំបានធ្វើដំណើរទៅកាន់ដែនដីបរិសុទ្ធប្រកបដោយជំនឿ និងការអធិស្ឋាន ហើយគ្រប់ទីកន្លែងនៃសង្រ្គាមទាំងនោះគឺមានតែ ការស្អប់ខ្ពើម ការរិះគិតអំពីការសងសឹក ខ្វះទឹក ខ្វះអាហារ និងខ្វះអគ្គិសនី ហើយ សូម្បីតែក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូត្រ ដែលជាថ្ងៃដ៏វិសុទ្ធបំផុតសម្រាប់ពួកយើង ក៏ពួកគេមិនឈប់ប្រយុទ្ធនិងសម្លាប់គ្នាដែរទាំងនៅ អ៊ុយក្រែន ក៏ដូចជានៅតំបន់ហ្គាហ្សា»។
លោកបានបន្តថា នៅទីនោះគឺសំបូរទៅដោយអាវុធដែលគេយកមកសម្លាប់និងបំផ្លាញគ្នាទៅវិញទៅមកយ៉ាងសាហាវ ប៉ុន្តែគ្មាននរណាមយយរិះគិតថា ជំនឿពិតជាមានកម្លាំងរំកិលភ្នំ នៃបញ្ហានិងឈានទៅបញ្ចប់ជម្លោះបានឡើយ ។
លោកបានជំរុញអោយគ្រប់ភាគីរិះគិតឡើងវិញនូវសេចក្តីមេត្តា ករុណា និងសេចក្តីស្រលាញ់ ហើយនៅពេលដែលគ្រប់គ្នាមានទស្សនៈបែបនេះ សន្តិភាពអាចនឹងមានរូបរាងឡើង៕