បូជាចារ្យថ្មីត្រូវបានតែងតាំងនៅនីការ៉ាហ្គ័រ
ទោះបីវិថីនៃជំនឿនៅប្រទេសនីការ៉ាហ្គ័រកំពុងតែរដិរដុប ដោយសារតែអាជ្ញាធរចាប់បុព្វជិតជាច្រើនរូប ក៏គ្រាប់ពូជនៃព្រះជាម្ចាស់នៅតែបន្ត ដោយថ្មីៗនេះ ព្រះសហគមន៍មួយនៅក្នុងប្រទេសនេះបានតែងតាំងលោកបូជាចារ្យថ្មី៩រូបបន្ថែមទៀត។
វ៉ាទីកង់ញូវបានរាយការណ៍ថា បូជាចារ្យថ្មីចំនួន ៩ រូប ត្រូវបានតែងតាំងដោយលោក កាឌីណាល់ និងជាអគ្គអភិបាលនៃព្រះសហគមន៍ ម៉ាណាហ្គា (Managua) ឡេអូផុលឌូ ចូសេ ប្រេនណេស សូឡហ្សាណូ (Leopoldo José Brenes Solórzano)។
នៅក្នុងពិធីតែងតាំងនោះ លោកកាឌីណាល់ បានសំដែងអំណរគុណនិងអំណរសប្បាយ សម្រាប់អំណោយដ៏មានអត្ថន័យសម្រាប់ប្រជាជាតិនីការ៉ាហ្គ័រ។
លោកបានមានប្រសាសន៍ថា ជីវិតជាបូជាចារ្យ គឺមិនមែនជាបុគ្គលដែលមានអំណាច មានឥទ្ធិពលនោះទេ តាមពិតទៅ បូជាចារ្យគ្រប់រូបគឺសុទ្ធតែជាអ្នកបម្រើ ដែលចាំបាច់ដើម្បីកសាងចរន្តនិងតភ្ជាប់ចំណងភាតរភាព។
មកដល់ពេលនេះ បុព្វជិតប្រមាណជា ១៤ នាក់ ដោយនៅក្នុងនោះមានទាំងនិស្សិតទេវវិទ្យាល័យ ២ នាក់ និង លោកអភិបាលនៃព្រះសហគមន៍កាតូលិក២ នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនៅក្នុងប្រទេសនេះ៕