បារាំងប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោក នីកូឡា ហ្វូរីស៊ីយ៉េ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងកិច្ចការបរទេសនៃសាធារណរដ្ឋបារាំង កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតជាសំខាន់លើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាង លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក នីកូឡា ហ្វូរីស៊ីយ៉េ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោក នីកូឡា ហ្វូរីស៊ីយ៉េ បានសម្តែងនូវការដឹងគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព ការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ជាពិសេស តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រទេសបារាំងបានផ្តល់ការគាំទ្រជាបន្តបន្ទាប់តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ កសិកម្ម ទឹកស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់លើការលើកកម្ពស់គម្រោងអាទិភាពមួយចំនួន រួមមាន៖ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង, គម្រោងបំប្លែងកាកសំណល់ទៅជាថាមពល (Waste-to-Energy) និងគម្រោងរក្សាទុកថាមពលវារីអគ្គិសនី (Hydroelectric Energy Storage)។

ភាគីទាំងពីរបានព្រមព្រៀងគ្នា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីរុញច្រានការរៀបចំគម្រោងទាំងនេះឱ្យឈានទៅមុខ ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហការស្វែងរកហិរញ្ញប្បទានសមស្រប ដើម្បីឱ្យគម្រោងទាំងនេះអាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ការវិនិយោគ ការផ្សារភ្ជាប់ធុរកិច្ច ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ការនាំផលិតផលកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងសកម្មភាពផ្សេងៗទៀតផងដែរ។

លើសពីនេះ ភាគីទាំងពីរបានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការនាពេលខាងមុខរបស់ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នាពេលខាងមុខដោយកម្ពុជា នឹងប្រព្រឹត្តទៅដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងសហគមន៍អ្នកនិយាយភាសាបារាំង។

 

Daily Program

Livesteam thumbnail