បព្វជិតកាតូលិកវៀតណាម ១៤៧ រូប ជួបជុំគ្នានៅញ៉ាត្រាង ដើម្បីពិភាក្សាអំពីសាមគ្គីភាព និងបេសកកម្ម
បព្វជិតកាតូលិកចំនួន ១៤៧ រូប ដែលកំពុងតែបម្រើការ និងប្រកាសដំណឹងល្អនៅវៀតណាម បានជួបជុំគ្នារៀបចំមហាសន្និបាតប្រចាំឆ្នាំ ២០២៦ ពីថ្ងៃទី ១៦ ដល់ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា (Khanh Hoa) តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។
មហាសន្និបាតនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សាមគ្គីភាព និងបេសកកម្ម» ដោយបានផ្តល់ឱកាសឱ្យបព្វជិតទាំងអស់ ពិចារណាអំពីបញ្ហាប្រឈមនានាក្នុងជីវិតដែលពួកគេបានឧទ្ទិសថ្វាយព្រះជាម្ចាស់ និងគ្រីស្តបរិស័ទ ចែករំលែកបទពិសោធន៍នៃការងារបម្រើព្រះសហគមន៍ និងពិភាក្សាអំពីអាទិភាពនានាសម្រាប់សហគមន៍រៀងៗខ្លួន។
លោកបូជាចារ្យ ចូសេប ង្វៀន តាត ថាង (Joseph Nguyen Tat Thang) បានចែករំលែកដោយពន្យល់អំពីអ្វីទៅដែលហៅថាសាមគ្គីភាព នៅក្នុងបរិបទនៃភាពចម្រុះ នៃការដាក់ខ្លួនជាអ្នកបម្រើគ្រីស្តបរិស័ទ ព្រមទាំងបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់ការត្រាស់ហៅឱ្យបម្រើព្រះជាម្ចាស់ ទាំងនៅក្នុងព្រះសហគមន៍ និងក្នុងសង្គម។ ដោយផ្អែកលើបទពិសោធន៍ការងារកន្លងមក លោកបូជាចារ្យបានលើកឡើងពីបញ្ហាដែលជះឥទ្ធិពលដល់ការបណ្តុះបណ្តាល និងការប្តេជ្ញាចិត្តរបស់សមាជិកសាសនា។
ដោយឡែក លោកបូជាចារ្យ ចូសេប ត្រាន ហ័រ ហ៊ុង (Joseph Tran Hoa Hung) ដែលជាលេខាធិការប្រតិបត្តិនៃគណៈកម្មការអភិបាលព្រះសហគមន៍វៀតណាម និងជាតំណាងលោកអភិបាលព្រះសហគមន៍ទទួលបន្ទុកផ្នែកប្រកាសដំណឹងល្អ បានចែករំលែកបទពិសោធន៍របស់លោកក្នុងការជួយគាំទ្រ និងអមដំណើរដល់លោកអភិបាល សិលា ង្វៀន វាន់ ខាំ (Peter Nguyen Van Kham) នៃភូមិភាគមីថូ (My Tho)។ លោកអភិបាល ខាំ ដែលជាប្រធានគណៈកម្មការអភិបាលនៃក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកវៀតណាម បានថ្លែងទៅកាន់អ្នកចូលរួមនៅថ្ងៃចុងក្រោយ និងបានដឹកនាំពិធីអភិបូជាបិទបញ្ចប់។
នៅក្នុងធម្មទេសនារបស់លោក លោកអភិបាល ខាំ បានជំរុញឱ្យបព្វជិតកាតូលិកទាំងអស់ ពិនិត្យមើលថាតើព្រះជាម្ចាស់នៅតែជាចំណុចកណ្តាលនៃជីវិតសហគមន៍របស់ពួកគេដែរឬទេ។
លោកបានមានប្រសាសន៍ថា៖ «សូមឱ្យយើងសួរខ្លួនឯងថា តើនៅក្នុងជីវិតសហគមន៍អ្នកបួសរបស់យើង ព្រះជាម្ចាស់ត្រូវបានលើកតម្កើងយ៉ាងពិតប្រាកដដែរឬទេ? តើព្រះអង្គត្រូវបានទទួលស្គាល់ថាជាព្រះដ៏ខ្ពង់ខ្ពស់បំផុតដែរឬទេ? ឬមួយក៏ពេលខ្លះ យើងបែរជាចាត់ទុកព្រះអង្គគ្រាន់តែជាមធ្យោបាយសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទៅវិញនោះ?»
លោកក៏បានអំពាវនាវឱ្យមានចិត្តដឹងគុណ និងចិត្តសុភាពរាបសារ ក្នុងការទទួលស្គាល់ចំណុចខ្វះខាតនានា ទាំងនៅក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតសហគមន៍៕
